កូរ៉េខាងត្បូង៖ យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាកាលពីថ្ងៃពុធ ទី១ ខែកុម្ភៈ ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B របស់អាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ F-22 ព្រមទាំងយន្តហោះចម្បាំង F-35 មកពីប្រទេសទាំងពីរ។
សមយុទ្ធដែនអាកាសរួមគ្នាលើកនេះបង្ហាញពីឆន្ទៈ និងសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់នូវការទប់ស្កាត់ដ៏រឹងមាំ និងអាចជឿទុកចិត្តប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ ទាហានអាមេរិកជាង ២៨,៥០០នាក់មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ជាការបន្សល់ទុកនៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ដែលបានបញ្ចប់ដោយបទឈប់បាញ់ច្រើនជាងសន្ធិសញ្ញាសន្តិភាព។ ក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈនេះបានឆ្លើយតបថា សមយុទ្ធរួមគ្នាដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានរុញច្រានស្ថានការណ៍ក្លាយខ្សែបន្ទាត់ក្រហមដ៏ខ្លាំង និងគំរាមបង្វែរឧបទ្វីបទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមដ៏ធ្ងន់ធ្ងរជាងមុន។
អ្នកនាំពាក្យក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពយោធា និងនយោបាយនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់បានឈានដល់បន្ទាត់ក្រហមខ្លាំង ដោយសារតែការធ្វើសមយុទ្ធប្រឈមមុខដាក់គ្នាដោយយោធា និងសកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិក និងកងកម្លាំងប្រទេសចំណុះរបស់ខ្លួន។ ទីភ្នាក់ងារ KCNA រាយការណ៍ថា ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍នឹងការសន្ទនានោះទេ ដរាបណាទីក្រុងវ៉ាស៊ីនតោននៅបន្តគោលនយោបាយបង្កហេតុ៕
អត្ថបទ៖ ប៊ុនថន