ភ្នំពេញ៖ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ មានប្រសាសន៍ថា បើយើងក្រឡេកមើលការកសាងហេដ្ឋារចនាសម្ព័ន្ធ យើងឃើញថា កម្ពុជា គឺជាប្រទេសដែលបាននិងកំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងលើផ្ទៃប្រទេស ក្នុងពេលដែលប្រទេសមួយចំនួនបាននឹងកំពុងតែរងការបំផ្លិចបំផ្លាញហេដ្ឋារចនាម្ព័ន្ធ ដោយសារសង្រ្គាមទៅវិញ ដូចជាប្រទេសអ៊ុយក្រែន។
ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន១ខ្សែ ប្រវែង ៦ ៣០០ម៉ែត្រ ពីភូមិថ្នល់បត់ ឃុំពោធិ៍រំចាក ដល់ភូមិឬស្សីថ្មី ឃុំចំប៉ា កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ហេង សួរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពោធិ៍រំចាក ក្រុមប្រឹក្សាឃុំពោធិ៍រំចាក នគរបាលឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ មេភូមិ អនុភូមិ ប្រជាការពារ និងប្រជាពលរដ្ឋឃុំពោធិ៍រំចាកទាំងអស់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងឃុំ គឺបានប្រែក្លាយឃុំនេះ ឱ្យមានការអភិវឌ្ឍរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រ។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការរីកសុះសាយ នៃសមិទ្ធផលលើគ្រប់វិស័យនៅទូទាំងស្រុកព្រៃកប្បាសទាំងមូល រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត មណ្ឌលសុខភាព សាលារៀន និងវត្តអារាម ដែលសមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើម ដែលតែងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឯកឧត្តម បន្តទៀតថា ទាំងអស់នេះបានបង្ហាញឲ្យឃើញថា គឺផ្តើមចេញពីសន្តិភាពពេញលេញ ដែលយើងរកបានដោយលំបាក គឺយើងខិតខំប្រឹងប្រែងខ្លាំងណាស់ ទម្រាំប្រទេសមានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរទៅមកគ្រប់ទីកន្លែងដូចសព្វថ្ងៃនេះ។
ផ្អែកលើគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនបានរស់នៅដ៏សុខសាន្ត និងមានជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវរួមគ្នាប្រឆាំងដាច់ខាតមិនឱ្យពួកអ្នកនយោបាយជ្រុលនិយម និងជនក្បត់ជាតិ ដែលតែចិញ្ចឹមចិត្ត ចង់បានអំណាចតាមរូបភាពយកលេសប្រជាធិប្បតេយ្យ និងសិទ្ធិមនុស្សធ្វើជាខែល តែប្រព្រឹត្តនូវសកម្មភាព និងទង្វើរសាបព្រោះនូវមនោគមវិទ្យាដ៏គ្រោះថ្នាក់៕អត្ថបទ៖ ឈិត បូរ៉ាវី