ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននាយកដ្ឋានចំណុះ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាថារាល់បញ្ហាប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ឬមូលដ្ឋានរបស់ខ្លួន មិនត្រូវគិតថាតូចឬធំនោះទេ ត្រូវយកចិត្តទុកដាក់ប្រមូល ទទួល និងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាព។
សម្ដេចក្រឡាហោម មានប្រសសន៍បែបនេះ ក្នុងពេលផ្សព្វផ្សាយនូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់សម្ដេច កាលនៅថ្ងៃទី២ ខែកុម្ភៈនេះ។
យោងតាមរបាយការណ៍ផ្សព្វផ្សាយនៅលើហ្វេសប៊ុកសម្ដេច ស ខេង បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០រហូតដល់ដំណាច់ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះ ស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៧៦៨ គណនី។
សម្ដេច មានប្រសាសន៍ថា ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៨០២ គណនី និង ៦៤៧ គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរសំណួរ និងបញ្ហាខ្លះទៀតត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
សម្ដេច ស ខេង បានថ្លែង អំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកតាមរយៈទំព័រហ្វេសប៊ុកសម្ដេច ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។
សម្ដេច បានណែនាំដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននាយកដ្ឋានចំណុះ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិថា រាល់បញ្ហាដែលក្ដាប់បាន ឬទទួលបានពីប្រជាពលរដ្ឋ និងទទួលបានពីថ្នាក់លើដែលនៅសេសសល់គប្បីខិតខំពន្លឿនការដោះស្រាយ ហើយត្រូវប្រាកដថាការដោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌ ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា និងបញ្ជូនតាមបែបបទរដ្ឋបាលនោះឡើយ៕ អត្ថបទ៖ វ៉ន ដារ៉ា
