អាហ្វហ្គានីស្ថាន៖ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ និងបណ្តារដ្ឋជាសមាជិកបានជជែកដេញដោលគ្នាកាលពីថ្ងៃពុធ ទី១ ខែកុម្ភៈ អំពីរបៀបបន្តការបញ្ជូនជំនួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដាក់បម្រាមលើបុគ្គលិកផ្តល់ជំនួយស្ត្រីភាគច្រើន ត្រូវបានអនុវត្តដោយរដ្ឋបាលក្រុមតាលីបង់កាលពីខែធ្នូ ឆ្នាំ២០២២។

និយាយនៅក្នុងសម័យប្រជុំរបស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងផ្តល់ការសង្ខេបដល់បណ្តាប្រទេសនានា ក្នុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោកទៅកាន់ទីក្រុងកាប៊ុល ប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក Martin Griffiths បានធានាថា ទីភ្នាក់ងារមនុស្សធម៌នឹងបន្តធ្វើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈជំរុញឱ្យមានការលើកលែងចំនួនចំពោះបម្រាម។ អគ្គលេខាធិការអង្គការ CARE International លោកស្រី Sofia Sprechmann Sineiro បានជំរុញឱ្យរដ្ឋជាសមាជិក និងម្ចាស់ជំនួយបន្តបញ្ជូនជំនួយទៅប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា នេះពុំមែនជាពេលវេលាដើម្បីបង្វែរមូលនិធិទៅកាន់វិបត្តិផ្សេងទៀតនោះទេ។
ទន្ទឹមនឹងនេះតំណាងមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ដែលជាម្ចាស់ជំនួយមនុស្សធម៌ធំ ស្ថិតក្នុងចំណោមម្ចាស់ជំនួយជាច្រើនទៀតសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន បានធានាការគាំទ្ររបស់ពួកគេដល់ប្រទេសនេះ ហើយបានយល់ព្រមបន្តជំរុញអាជ្ញាធរតាលីបង់មិនឱ្យផ្តល់ជំនួយមានលក្ខណៈធម្មតា ដោយគ្មានការចូលរួមរបស់ស្ត្រីនោះទេ។ លោក Griffiths និយាយថា ការលើកលែងមួយចំនួនសម្រាប់បម្រាមលើបុគ្គលិកផ្តល់ជំនួយជាស្ត្រី ត្រូវបានផ្តល់នៅក្នុងផ្នែកសុខភាព និងការអប់រំ ហើយមានការចង្អុលបង្ហាញថា វាអាចមានការលើកលែងក្នុងវិស័យកសិកម្ម។ ទោះយ៉ាងណាការលើកលែងបន្ថែមទៀតគឺត្រូវការដើម្បីការពារជំងឺធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភ អំឡុងពេលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅប្រទេសអាហ្វហ្គានីស្ថាន៕
អត្ថបទ៖ ប៊ុនថន