ប៉ាគីស្ថាន៖ មន្ត្រីនគរបាល និងសមាជិកនៃកងកម្លាំងវរជន Khyber Pashtunkhwa បានធ្វើបាតុកម្មនៅក្នុងក្រុងជាច្រើននៃខេត្ត Peshawar កាលពីថ្ងៃពុធ។ ការតវ៉ាបានផ្ទុះឡើង បន្ទាប់ពីការបំផ្ទុះគ្រាប់បែកដ៏ឃោរឃៅនៅក្នុងវិហារឥស្លាមមួយកន្លែងកាលពីថ្ងៃចន្ទ ទី៣០ ខែមករា ដែលបានឆក់យកជីវិតមនុស្សជាង ១០០នាក់។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ៣នាក់គឺជានគរបាល ដែលធ្វើឱ្យវាក្លាយជាការស្លាប់ និងរបួសច្រើនបំផុតទទួលរងដោយកងកម្លាំងសន្តិសុខប៉ាគីស្ថាន ក្នុងការវាយប្រហារតែមួយលើកក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។ ទីក្រុង Peshawar ស្ថិតនៅជ្រុងនៃទឹកដីកុលសម្ព័ន្ធ Pashtun ជាតំបន់ដែលញាំញីដោយអំពើហិង្សាអស់រយៈពេល ២ទសវត្សរ៍កន្លងមកនេះ។ ក្រុមសកម្មប្រយុទ្ធសកម្មបំផុតនៅក្នុងតំបន់នោះគឺក្រុមតាលីបង់ប៉ាគីស្ថាន ដែលហៅមួយទៀតថា តេរីក អ៊ី តាលីបង់ប៉ាគីស្ថាន (Tehreek-e-Taliban Pakistan TTP) ថ្មីៗនេះបានបង្កើនការវាយប្រហារលើនគរបាល ជាផ្នែកនៃយុទ្ធនាការរបស់ខ្លួនប្រឆាំងរដ្ឋាភិបាលនៅទីក្រុងអ៊ីស្លាម៉ាបាដ។
ក្រុម TTP បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារនៅវិហារឥស្លាម ដែលនៅមិនទាន់មានក្រុមណាមួយអះអាងនៅឡើយរហូតមកដល់ពេលនេះ។ ស្នងការខេត្តនិយាយថា លោកសង្ស័យថា បក្សពួកក្រុមបំបែកខ្លួននៃក្រុម TTP ឈ្មោះថា Jamat-ul-Ahrar មានជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះ។ ការវាយប្រហារនេះគឺជាការវាយប្រហារដ៏ឃោរឃៅបំផុតនៅក្នុងទីក្រុង Peshawar ចាប់តាំងពីការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកនៅវិហារ All Saints បណ្តាលឲ្យអ្នកថ្វាយបង្គំច្រើននាក់ស្លាប់កាលពីខែកញ្ញា ឆ្នាំ២០១៣ ដែលជាការវាយប្រហារដ៏អាក្រក់បំផុតទៅលើជនជាតិភាគតិចគ្រឹស្តសាសនារបស់ប្រទេសនេះ៕
អត្ថបទ៖ ប៊ុនថន