
សៀមរាប៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ អមដំណើរដោយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍន៍ភាពនៃការដាំដុះដំណាំស្រូវ ក្រោយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងក្រោយពេលដែលទទួលបានគ្រាប់ពូជស្រូវពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីធ្វើការស្ដារលទ្ធភាពឡើងវិញសម្រាប់ប្រជាកសិករដែល រងគ្រោះ ដោយសារ ជំនន់ទឹកភ្លៀងកន្លងមក ស្ថិតនៅភូមិដំណាក់ខ្ជាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
តាមការពិនិត្យស្ថានភាពជាក់ស្ដែង ឯកឧត្តមទេសរដ្ឋមន្ត្រី គណ់ គីម ថ្លែងថា មកទល់ពេល នេះដំណាំស្រូវ កំពុងដុះ លូតលាស់បានយ៉ាងល្អប្រសើរហើយ ទិន្នផលមធ្យមនៅក្នុងខេត្តសៀមរាបប្រមាណ៤តោនក្នុងមួយហិកតា ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ចំពោះតម្លៃស្រូវឆ្នាំនេះមានលក្ខណៈល្អប្រសើរ គឺជាមធ្យម១០០០រៀល/គីឡូក្រាម ហើយចំពោះការចំណាយសម្រាប់ផលិតកម្មដំណាំស្រូវក្នុងមួយហិកតា ជាមធ្យមអស់ប្រមាណជាង ២លានរៀល ដូច្នេះកសិករអាចទទួលបានប្រាក់ចំណូលជិត ៤លានរៀលក្នុងមួយហិកតា និងចំណេញ បានជា មធ្យមជិត២លាន រៀល/ ហិកតា។
បើតាមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប គឺគ្រាប់ពូជស្រូវដែលទទួលបានពីសម្តេចតេជោ អាចដាំដុះស្តារឡើងវិញបានប្រមាណ៣០០០ហិកតា។
កំឡុងពេលជួបសំណេះសំណាលជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី បងប្អូនប្រជាកសិករទាំងអស់មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាកសិករ ជាពិសេសបានសម្តេចតេជោចែកគ្រាប់ពូជស្រូវចំនួន១០០គីឡូក្រាមក្នុងមួយគ្រសារ ដែលអំណោយនេះអាចជួយកាត់បន្ថយថ្លៃដើមផលិតកម្មបានមួយកម្រិត។
ប្រជាកសិករ ទាំងអស់គ្នាបានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកអស់កម្លាំងកាយចិត្ត និងបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះបានជួយដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក អាចធ្វើការស្ដារលទ្ធភាពឡើងវិញបានទាន់ពេលវេលាផងដែរ៕ ដោយ ៖ ឧត្ដម







