កោះកុង៖ ចៅក្រមសាលាដំបូងខេត្តកោះកុង បានបង្វែរសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីពិនិត្យស្រាវជ្រាវជាថ្មី ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានមនុស្សស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ក្នុងក្រុងខេមរភូមិន្ទ។
ឯកឧត្តម មីន មករា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកោះកុង និងលោក វ៉ៃ ភិរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកសវនាការជំរុំជម្រះក្តីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឱ្យមនុស្ស១នាក់ស្លាប់ និងរងរបួសធ្ងន់១នាក់ ព្រោះតែធ្វេសប្រហែសពេលកំពុងបើកបរ។
បន្ទាប់ពីការដេញដាលទៅកាន់ជនជាប់ចោទ ឯកឧត្តមប្រធានជំនុំជម្រះសាលាដំបូងខេត្តកោះកុង យល់ឃើញ និងបានបង្វែរសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរឡើងវិញ គ្រាអវត្តមានដើមបណ្តឹងជនរងគ្រោះពុំបានចូលខ្លួនស្រាយបំភ្លឺផ្ទាល់មាត់ក្នុងអង្គសវនាការ។ លើសពីនេះ សាលាដំបូងខេត្ត រង់ចាំវត្តមានដើមបណ្តឹងចូលអង្គសវនាការនៅពេលក្រោយ។
លោក ណុប ង៉ែត អាយុ៤០ឆ្នាំ រស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាបងប្រុសរបស់ជនរងគ្រោះ រងរបួសធ្ងន់ឈ្មោះ ដេត ថូង បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែកុម្ភៈនេះថា លោក និងប្អូនប្រុស បានធ្វើដំណើរពីខេត្តតាកែវមកកាន់ខេត្តកោះកុង ដើម្បីចូលរួមក្នុងអង្គសវនាការដោះស្រាយតាមនីតិវិធី ប៉ុន្តែដល់ពាក់កណ្តាលផ្លូវស្រាប់តែសភាពជំងឺប្អូនរបស់លោកធ្ងន់ធ្ងរពេក ទើបត្រឡប់ទៅផ្ទះវិញ។
បើតាមលោក ណុប ង៉ែត បន្ថែមថា ពេលនោះ លោកក៏ហៅទូរស័ព្ទមកមន្រ្តីតុលាការផងដែរក្នុងន័យប្រាប់ហេតុផល តែនិយាយគ្នាបានបន្តិចក៏ដាច់សេវា ហើយលោកក៏ឈប់ហៅទូរស័ព្ទម្តងទៅ ដោយខ្លាចក្រែងរំខានមន្រ្តីកំពុងធ្វើការ។
លោក ណុប ង៉ែត ដើមបណ្តឹងរបស់ជនរងគ្រោះ មានបំណងស្នើសុំតុលាការពន្យាពេលវេលាបើកសវនាការ ប្រសិនបើសភាពអាការៈជំងឺប្អូនប្រុសរបស់លោកធូរស្រាលពេលណានឹងចូលរួមបំភ្លឺជាក់ជាពុំខាន។ សំណងថវិកា២.០០០ដុល្លារដែលផ្តល់ដោយភាគីជនបង្ក ត្រូវចាយវាយព្យាបាលជំងឺស្ទើរអស់ទៅហើយ ទើបលោកចង់សុំសំណងបន្ថែមព្យាបាលជំងឺប្អូនប្រុស។ រីឯជនរងគ្រោះដែលស្លាប់ឈ្មោះ អ៊ុក ណាក់ ទីលំនៅកំណើត ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានទទួលសំណង៩.០០០ដុល្លារ។
ម៉ូតូ សង់ស្លាកលេខកោះកុង1B 3315 អ្នកស្លាប់ឈ្មោះ អ៊ុក ណាក់ ស្រុកកំណើត បសេដ្ឋកំពង់ស្ពឺ អ្នករងរបួស ដេត ធោង អ្នកទាំងពីរធ្វើការជាកម្មករនៅក្រុមហ៊ុនរស្មីរតនះគួររម្លឹកថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃសែនចូលឆ្នាំចិន ស្ថិតនៅភូមិ៣ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តFord ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ:2BB-9066 បានបើកបរយ៉ាងលឿនដូចហោះជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពាក់ស្លាក កោះកុង1B-3315 មានគ្នា២នាក់ អូសចម្ងាយជិត១០០ម៉ែត្របណ្តាលឱ្យមនុស្ស១ស្លាប់ភ្លាមៗពេលបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្ត និង១នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ រីឯជនបង្កជាយុវជនវ័យក្មេងម្នាក់ ជាអ្នកបើកបរឈ្មោះ ហំ កែវយុហុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការរដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។
អំឡុងពេលនោះ មហាជនដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លាន់មាត់ថា មិនដឹងអ្នកបើកបររថយន្តខាងលើខ្សែខាងណាទេ បើកបុកគេហើយ ពេលសមត្ថកិច្ចមកដល់ ស្តីឱ្យសមត្ថកិច្ចមិនចេះធ្វើការទៀត ទំនងជាខ្សែមិនតូចទេដឹង។ មហាជនក៏បានដាក់ចម្ងល់ដែរថា តើករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដ មកពីការធ្វេសប្រហែសចំពោះការបើកបរ ឬមានគំនុំអ្វីនិងគ្នាកន្លងទៅមក។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មាត្រា៨៣៖ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញាត្តិស្តីពីចរាចរណ៍ផ្លូវគោកបណ្តាលឱ្យមានរបួសដល់អ្នកដ៏ទៃ ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា៥៣នៃក្រមព្រហ្មទណ្ឌ។ ប្រការណាមួយទៀតនោះ តុលាការ បន្តយកមាត្រា៨៤មកចាត់ការតាមនីតិវិធី៕ អត្តបទ ៖ ឈឹម មករា





