
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា អង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្មជាដៃគូដ៏ល្អដែលមានអាយុជាង ៣០ឆ្នាំមកហើយៗ សម្តេច ក៏បានសម្រេចបង្កើនការជួយគាំទ្រដល់មូលនិធិមួយនេះ នូវថវិកាពី ៦០ម៉ឺនទៅ ១លានដុល្លារចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៨។
ក្នុងឱកាសអនុញ្ញាតឱ្យលោកលោកស្រី ច្យូតស្នា ពូរី(Jyotsna Puri) អនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២កុម្ភៈនេះ សម្តេចបានលើកឡើងថា អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនេះជាដៃគូដ៏ល្អ ដែលមានអាយុកាលជាង ៣០ឆ្នាំមកហើយៗមានទស្សនៈដូចគ្នា។
នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ឱ្យដឹង។ ឯកឧត្ដមបន្តថា ក្នុងជំនួបនេះ លោកស្រី ពូរី បានសំដែងនូវការគោរពជូនសម្ដេចតេជោ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចក្នុងការថែរក្សាសុខសន្តិភាពនិងស្ថេរភាពសង្គម ជាពិសេសក្នុងគ្រាមានកូវីដ-១៩ សម្ដេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព ជួយដល់ប្រជាជនដែលបានឆ្លងផុតពីបន្ទាត់ក្រីក្រ ហើយមិនឲ្យធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រវិញ ជួយកិច្ចគាំពារសង្គមខាងអាហាររូបត្ថម្ភនិងបានដាក់ចេញនូវកម្មវិធីនយោបាយយ៉ាងល្អសម្រាប់វិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទឱ្យមានអ្នកបច្ចេកទេសកសិកម្មនៅតាមឃុំនិងកម្មវិធីឆ្លើយតប ដើម្បីជំរុញការផលិតកសិផលដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ។
លោកស្រី ពូរី បានគោរពជម្រាបជូនសម្ដេចតេជោថា អង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្មសូមសំដែងនូវការគោរពនិងគាំទ្រចំពោះកិច្ចប្រឹងប្រែងថែរក្សាសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យកសិកម្ម។លោកស្រីពូរី និងជួសមុខឱ្យប្រធានមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្មនិងប្រតិភូទាំងមូលបានសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោចំពោះការបង្កើនវិភាគទានពី ៦០ម៉ឺន ទៅមួយលានដុល្លារ សម្រាប់ឆ្នាំ២០២៥-២០២៨ ដល់មូលនិធិហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាលើវិស័យកសិកម្មឲ្យកាន់តែខ្លាំងឡើងកាន់តែធំធាត់ឡើងនិងកសិកម្មមួយប្រកបដោយភាពវ័យឆ្លាត។
ជាការឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍ថា អង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្មជាដៃគូល្អដែលមានអាយុជាង ៣០ឆ្នាំមកហើយហើយមានទស្សនៈដូចគ្នា។
ក្នុងន័យនេះ សម្តេចថា យើងត្រូវបន្តភាពជាដៃគូនេះតទៅទៀត ហើយសម្ដេចបានមានប្រសាសន៍បន្តថាកម្ពុជាផ្ដល់ការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍កសិកម្មនិងជនបទគឺចង់ធ្វើយ៉ាងណាឲ្យកសិករ ផលិតហើយទទួលបានផលចំណេញ ចង់រក្សាកុំឱ្យអ្នកឆ្លងផុតបន្ទាត់ភាពក្រីក្រហើយធ្លាក់ចុះទៅវិញ ចង់ជំរុញវិស័យកសិកម្ម កសិ-ពាណិជ្ជកម្មនិងកសិ-ឧស្សាហកម្ម ហើយសម្ដេចបានសម្ដែងនូវសេចក្តីរីករាយសារជាថ្មីម្ដងទៀត ចំពោះភាពជាដៃគូដ៏ល្អជាមួយអង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្ម ហើយសម្តេចបានសម្រេចលើកតម្កើងវិភាគទានរបស់កម្ពុជាជួយគាំទ្រដល់មូលនិធិពី ៦០ម៉ឺនទៅមួយលានដុល្លារចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ២០២៨៕





