ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្សដល់ទៅ ៥១១នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលនាំឱ្យកម្ពុជាមានអ្នកឆ្លងមេរោគផ្លូវដង្ហើមសរុបលើស ៩ពាន់នាក់ហើយនៅត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលនិយាយថា ករណីឆ្លងថ្មីដល់ទៅ ៥០៩នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ២ករណីទៀត គឺជាករណីនាំចូលដែលត្រូវបានរកឃើញលើបុរសជាអ្នកដំណើរជនជាតិខ្មែរម្នាក់អាយុ ៣២ឆ្នាំ និងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់អាយុ ៤១ឆ្នាំ។
សម្រាប់ករណីឆ្លងថ្មី ៥០៩នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនោះ ក្រសួងសុខភិបាលបញ្ជាក់ថា ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញរហូតដល់ ៣១៨នាក់ បន្ទាប់មកខេត្តព្រះសីហនុចំនួន ១២៦នាក់ ហើយខេត្តកណ្ដាល ៤៤នាក់។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី ០៥នាក់ ហើយ បន្ទាប់មកខេត្តកំពង់ឆ្នាំង រកឃើញ ៤នាក់ និងខេត្តបន្ទាយមានជ័យ រកឃើញ ៤នាក់ផងដែរ ដែលសុទ្ធតែជាជនជាតិឥណ្ឌូនេស៊ីស្នាក់នៅក្នុងក្រុងប៉ោយប៉ែត។
ក្រសួងសុខាភិបាល រកឃើញករណីឆ្លងថ្មី ២នាក់នៅក្នុងខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តតាកែវ។
គិតមកដល់ថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៩ ,៣៥៩នាក់បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ក្នុងនោះករណីឆ្លងរហូតដល់ ៨ ៨១០នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាល ក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៦២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ៣ ២១០នាក់ ខណ:អ្នកជំងឺកូវីដ-១៩ចំនួន ៦ ,០៧២នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕