មណ្ឌលគិរី៖ កសិករដាំបន្លែជាច្រើនមុខនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ទីផ្សារបញ្ជាទិញបន្លែ កាន់តែមានតម្រូវការច្រើនជាងមុន ខណៈដែលកសិករស្ទើរតែពុំអាចផលិតទិន្នផលបន្លែទាន់ពេលវេលា ស្របតាមការចង់បាន នៃទំហំទីផ្សារបច្ចុប្បន្ន ។
លោក ឃ្លោង ថេង ជាកសិករដាំបន្លែនៅចំណុចមាត់បឹងទំនប់ក្រោម ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានលើកឡើងថា ប្រភេទបន្លែដែលលោកផ្ដោតដាំដុះច្រើនជាងគេ គឺស្ពៃក្ដោប ព្រោះស្ដៃក្ដោប ជាបន្លែអាចទុកបានយូរ ពោលគឺនៅពេលដល់រដូវកាត់យកទិន្នផល ស្ពៃកក្ដោប អាចកាត់បន្តបន្ទាប់គ្នាបានក្នុងរយៈពេលយូរ មិនខូចខាតនោះទេ ខុសប្លែកពីបន្លែផ្សេងទៀត ថែមទាំងមានតម្លៃថ្លៃទៀតផង ។
លោក ឃ្លោក ថេង បន្តទៀតថា នៅក្នុងឆ្នាំនេះទីផ្សារបញ្ជាទិញបន្លែកាន់តែល្អជាងឆ្នាំមុន ក្រោយវិបត្តិកូវីដ១៩ បានផុតរលត់ទៅ ។
លោកបញ្ជាក់ថា មន្ទីរកសិកម្មក៏បានខិតខំជួយជ្រោមជ្រែងលោកច្រើនណាស់ដែរ ជុំវិញការបង្កបង្កើនផលបន្លែរាល់ថ្ងៃនេះ ។
កសិករខាងលើ បានឲ្យដឹងទៀតថា ស្ពៃក្ដោបបច្ចុប្បន្នអាចលក់បានក្នុងតម្លៃ ៥ទៅ៦ពាន់រៀល ក្នុងមួយគីឡូក្រាម ហើយក្នុងផ្ទៃដីចំការជិតកន្លះហិកតារបស់លោក លោកអាចកាត់ស្ពៃក្ដោបយកទៅលក់លើទីផ្សារ ចន្លោះពី៤០គីឡូ ទៅជាង១០០គីឡូក្រាមជាប្រចាំ។ ក្នុងនោះដែរ ក្រៅពីស្ពៃក្ដោប លោកក៏បានដាំបន្លែរួមផ្សំផ្សេងទៀតខ្លះដែរ ដូចជាងស្លឹកខ្ទឹម ស្ពៃក្រញ៉ាញ់ ត្រប់ ត្រសក់ជាដើម ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងដែរថា ផ្ទៃដីដាំដុះដំណាំបន្លែរដូវប្រាំងគិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣អនុវត្តបាន១១៤ហិកតា កើនលើសឆ្នាំមុន១៣ ហិកតា បរិមាណផល ១ ៣១៩តោន ។
ចំពោះទីផ្សារបន្លែនៅក្រុសែនមនោរម្យល្អជាងឆ្នាំមុន សម្រាប់បន្លែនាំចេញទៅទីផ្សារក្រៅខេត្ត។ ក្នុងនោះមន្ទីរបានផ្សព្វផ្សាយបច្ចេកទេសថ្មីសមស្របដល់កសិករ និងជំរុញការដាំដុះដំណាំសមស្របសម្រាប់នាំចេញទាំងក្នុង និងក្រៅប្រទេស ។
លោកប្រធានមន្ទីរបញ្ជាក់ថា ថ្មីៗនេះនៅមន្ទីរកសិកម្មក៏ទើបសម្ពោធសមទ្ធិផលដ៏ទំនើបមួយ គឺ សួនវិទ្យាសាស្ត្រកសិកម្ម សម្រាប់ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗជូនដល់កសិករ និងជួយជំរុញទំនើប កម្មរបស់កសិករផងដែរ ។
លោកប្រធានមន្ទីរ បានបន្តទៀតថា បច្ចុប្បន្ន មន្ត្រីជំនាញខេត្តមណ្ឌលគិរី ក៏កំ ពុងធ្វើកិច្ចសហប្រតិបត្តិការមួយទៀត មានការគាំទ្រពីប្រទេសកូរ៉េខាងត្បូង លើការដាំដុះដំឡូងបារាំង ដោយមានទីប្រឹក្សាបច្ចេកទេស សិក្សាផ្ដល់បច្ចេកទេស តម្រង់ទិសឲ្យកសិករដាំដុះកាន់តែត្រឹមត្រូវ និងបាន ទិន្នផលខ្ពស់ ថែមទាំងការពារទប់ស្កាត់ពីជំងឺ និងការយាយីពីសត្វល្អិតជាដើម ហើយនៅពាក់កណ្ដាលឆ្នាំនេះ នឹងមានមជ្ឈមណ្ឌលផ្សព្វផ្សាយបច្ចេកទេសបន្លែ ផលិតពូជដំឡូងបារាំងនៅក្នុងខេត្តមណ្ឌលគិរីផងដែរ ៕អ៊ិត ភីរុណ