ភ្នំពេញ ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងស្វែងយល់អំពីវប្បធម៌ខ្មែរ, នាទីស្តីការក្រសួង រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ជាកិច្ចផ្តើម ភាគីទាំងពីរ បានលើកឡើងអំពីការសំបូរទៅដោយបេតិកភ័ណ្ឌវប្បធម៌ ដែលជាសក្តានុពលចម្បង ក្នុងការជម្រុញលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា-ប៉ាគីស្ថាន។ ដូច្នេះដោយផ្តើមចេញពីកិច្ចការនេះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា យើងអាចមានគម្រោងជាច្រើន ត្រូវធ្វើការជាមួយគ្នា ហើយអ្វីដែលធ្វើឲ្យប្រសើរលើវិស័យវប្បធម៌ គឺត្រូវចាប់ផ្តើមធ្វើពីតូច ទៅធំ ដូចជាការរៀបចំឲ្យមានពិព័រណ៌ខ្នាតតូច មហោស្រពភាពយន្ត និងការសម្តែងសិល្បៈផ្សេងៗ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ប៉ាគីស្ថាន មានភាពជិតស្និទ្ធនឹងគ្នា។ ក្នុងនោះលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំកម្ពុជា បានប្តេជ្ញាគាំទ្រវិស័យវប្បធម៌ លើឆាកអន្តរជាតិ ជាពិសេសក្នុងវេទិការបស់អង្គការយូណេស្កូ និងវេទិកាអន្តរជាតិ។
ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីថា សព្វថ្ងៃយើងមានមន្រ្តីមួយចំនួន ដែលជាជនជាតិប៉ាគីស្ថាន បានបម្រើការងារលើវិស័យសិល្បៈ នៅតាមសហគមន៍ ក៏ដូចជានៅអង្កការហ្វាពន្លឺសិល្បៈ ដែលកំពុងជួយលើការងារជាច្រើន ដើម្បីអភិវឌ្ឍវិស័យវប្បធម៌ នៅប្រទេសកម្ពុជា ផងដែរ៕ អត្ថបទ ៖ រដ្ឋា








