ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា កម្ពុជាឆ្លងកាត់នូវរយៈពេលដ៏លំបាកក្នុងការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ កម្ពុជាបានធ្វើការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ចំពោះមេរោគកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ បើប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក។
ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល, នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ជាសហប្រធាន ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ ស្ថាប័នក្រោមឱវាទក្រសួងសុខាភិបាល ផងដែរ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានបន្តថាកិច្ចប្រជុំក្រុមការងារបច្ចេកទេស សុខាភិបាល ជាយន្តការសម្របសម្រួល និងជាវេទិកាពិគ្រោះយោបល់ក្នុងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព សម្របសម្រួលជំនួយហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍នានា សំដៅគាំទ្រការអនុវត្តឱ្យបានសម្រេចនូវគោលដៅអភិវឌ្ឍន៍ជាតិ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រតាមវិស័យ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះដៃគូអភិវឌ្ឍន៍ ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ ដែលកម្ពុជាបានខិតខំប្រឹងប្រែងដើម្បីជំរុញវិធានការការពារទប់ស្កាត់នឹងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល បានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍ និងក្រសួងសុខាភិបាល៕ អត្ថបទ ៖ រដ្ឋា











