
បន្ទាយមានជ័យ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន បានបន្តចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍន៍ភាព នៃការដាំដុះដំណាំស្រូវ ក្រោយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងក្រោយពេលដែលទទួលបានគ្រាប់ពូជស្រូវពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីធ្វើការស្ដារលទ្ធភាពឡើងវិញសម្រាប់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកន្លងមក ស្ថិតក្នុងភូមិសាស្ត្រ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ក្នុងពេលចុះពិនិត្យ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃ និងកោតសរសើរចំពោះការដឹកនាំ និងរៀបចំរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលេខាធិការដ្ឋានគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្ត និងមន្រ្តីពាក់ព័ន្ធ ដែលបានផ្តល់ពូជស្រូវ និងតាមដានជាប់ជាប្រចាំជាមួយការស្តារឡើងវិញដំណាំស្រូវរបស់ប្រជាកសិករ។
តាមរបាយការណ៍របស់ខេត្តបានឱ្យដឹងថា ក្រោយពីទឹកជំនន់បានស្រកផុត ក្រោមការគិតគូរខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមទេស រដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះផ្ទាល់ បានចែកជូនពូជស្រូវ ដល់ប្រជាកសិករស្ដារឡើងវិញក្រោយទឹកជំនន់ ចំនួន ៣.៣៥៥គ្រួសារ ដែល១គ្រួសារទទួលបាន ពូជ ១០០គីឡូក្រាម។
មកដល់បច្ចុប្បន្ននេះ ប្រជាកសិករ បានសាបព្រោះស្រូវប្រដេញទឹកបានចំនួន ២៧.៣០០ហិចតា លើ ១៣ឃុំ ដែលជាប្រភេទស្រូវ OM 54 និងសែនក្រអូប។ នៅដំណាច់ខែមករានេះ ប្រជាកសិករបានចាប់ផ្តើមច្រូតកាត់បានផ្ទៃដី ១២.០០០ហិកតា(ស្មើ ៤៣%) លើ ៨ឃុំ រួមមាន៖ ឃុំ សឿ ចំណោម រហាត់ទឹក បត់ត្រង់ បន្ទាយនាង អូរប្រាសាទ ភ្នំតូច និងឃុំតាឡំ ក្នុងនោះទិន្នផលជា មធ្យមគឺ ៤,៥០តោនក្នុង១ហិចតា ចំពោះតម្លៃស្រូវសើមប្រភេទ OM គឺតម្លៃ ៨.០០០បាត/១តោន ស្រូវសែនក្រអូប តម្លៃស្រូវសើម គឺ ៩.៥០០បាត/ ១តោន ។ ជាមួយនេះ ចំពោះឃុំទាំង៥ នៅផ្នែកខាង ក្រោម នឹងបន្តច្រូតកាត់ចាប់ពីពាក់កណ្តាល ខែកុម្ភៈ នេះផងដែរ ។
ដោយឡែក ចំពោះទិន្នផល និងតម្លៃស្រូវនាពេលនេះ គឺប្រជាកសិករមានការសប្បាយ រីករាយ ដោយទទួលបានទិន្នផលខ្ពស់ និងមានតម្លៃសមរម្យ ហើយពួកគាត់មិនមានការព្រួយបារម្ភ ចំពោះ ឈ្មួញ ឬក្រុមហ៊ុនទិញស្រូវនោះទេ ឱ្យតែមានស្រូវ គឺឈ្មួញចូលទិញទាំងអស់ ។
ទាំងប្រជាកសិករ និងថ្នាក់ដឹកនាំខេត្តអស់ បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកអស់កម្លាំងកាយចិត្ត និងបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះ បានជួយដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក អាចធ្វើការស្ដារលទ្ធភាពឡើងវិញបានទាន់ពេលវេលាផងដែរ៕ អត្ថបទ ៖ ឧត្ដម









