បន្ទាយមានជ័យ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ក្នុងឱកាសចុះពិនិត្យការសាងសង់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម រួមដំណើរមានលោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តនិងលោកឧត្តមសេនីយ៍ត្រី ជិម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងថា អគារស្នាក់ការសមាគមអតីតយុទ្ធខេត្តបន្ទាយមានជ័យត្រូវបានបញ្ចុះបឋមសីលាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ដែលស្នាក់ការនេះមានបណ្តោយ២៨ម៉ែត្រ និងទទឹង២១.៦០ម៉ែត្រ ស្មើនឹងចំនួន៦បន្ទប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់ថា អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យដែលរដ្ឋបាលខេត្តផ្តល់ដីសម្រាប់កសាងក្នុងគោលបំណងបម្រើការងារសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ដែលរយៈពេលកន្លងមកជួបការលំបាកនៅពេលជួបប្រជុំការងារសមាគមអតីតយុទ្ធជនខេត្តត្រូវសុំទីតាំងកន្លែងផ្សេងៗ ខណៈអតីតយុទ្ធជនទូទាំងខេត្តបន្ទាយមានជ័យចំនួន៦ពាន់នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ថា អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលទទួលសាងសង់ដោយឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕ អត្ថបទ ៖ ឧត្ដម









