ភ្នំពេញ៖ កម្ពុជានឹងប្រកាសខេត្តចំនួន ៣ទៀត គឺខេត្តកណ្ដាល កំពង់ចាម និងខេត្តស្វាយរៀង ជាខេត្តអស់មីន នៅមុនបុណ្យចូលឆ្នាំខ្មែរ បន្ទាប់ពីបានប្រកាសក្រុង ស្រុក ឃុំ និងភូមិ ក្នុងខេត្តមួយចំនួន ជាខេត្តអស់មីនជាបន្តបន្ទាប់ នៅដើមឆ្នាំ២០២៣នេះ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានិត នឹងប្រកាសខេត្តកំពង់ចាម ជាខេត្តអស់មីន និងនៅថ្ងៃទី២០ ខែកុម្ភៈដដែល លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំងរដ្ឋសភា ជាមួយព្រឹទ្ធសភា និងអធិការកិច្ច នឹងប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីន ។
ឯកឧត្តមបានបន្តថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមអគ្គសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសខេត្តកណ្ដាលជាខេត្តអស់មីន ហើយអាជ្ញាធរមីនកំពុងរៀបចំ ដើម្បីប្រកាសនូវខេត្តទាំង៣នេះ ។
ឯកឧត្តម លី ធុជ បានបន្ថែមថា តាមការគ្រោងទុក នៅឆ្នាំ២០២៣នេះ មានខេត្តចំនួន១៨ ក្នុងចំណោមរាជធានីខេត្តចំនួន២៥ នឹងប្រកាសជាខេត្តអស់មីន ខណៈកងកម្លាំងប្រតិបត្តិករទាំងអស់ កំពុងខិតខំពន្លឿនការបោសសំអាតដីចម្ការមីន នៅគ្រប់គោលដៅ ។
គួរបញ្ជាក់ថា កម្ពុជាបានប្រកាសខេត្តកែប ជាខេត្តអស់មីនមុនគេ នៅឆ្នាំ២០២២ ហើយនៅដើមឆ្នាំនេះ បានប្រកាសក្រុងសៀមរាម ស្រុកក្រឡាញ់ និងឃុំចំនួន១ និងភូមិមួយចំនួន ក្នុងស្រុកគង់ពិសី ជាតំបន់អស់មីន រួមទាំងបានប្រគល់ដី ដល់ពលរដ្ឋបានប្រើប្រាស់អាស្រ័យផល ៕ អត្ថបទ បាន សុខរិទ្ធិ




