ភ្នំពេញ៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែកុម្ភៈនេះ បានជូនដំណឹងអំពីការចុះចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ដូសទី៤ ដូសទី៥ និងទី៦) ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (ធីតា) ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សានៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី៦ កុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់សិស្សានុសិស្សក្នុងរាជធានីភ្នំពេញនេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៦ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន ៣២ ក្រុម ដែលក្នុង ១ ក្រុម មានគ្រូពេទ្យចំនួន ៥ នាក់ ស្មើនឹងគ្រូពេទ្យសរុបចំនួន ១៦០ នាក់។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើសេចក្ដីជូនដំណឹងដល់បុគ្គលិកអប់រំ និងអ្នកសិក្សាក្នុងរាជធានីភ្នំពេញសហការសម្របសម្រួលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ជូនបុគ្គលិកអប់រំ និង អ្នកសិក្សា តាមកាលបរិច្ឆេទនៅគ្រឹះស្ថានសិក្សានីមួយៗ។
ក្រសួងអប់រំក៏បានជម្រាបជូនអាណាព្យាបាល សិស្សានុសិស្ស បុគ្គលិកនៅតាមសាលានីមួយៗអញ្ជើញមក ចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ តាមផែនការភ្ជាប់ជូនមកជាមួយនេះស្រាប់ ដើម្បីរក្សា និងបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីក រាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា ជាពិសេសដើម្បីបន្តរក្សានូវនិរន្តរភាពនៃដំណើរការប្រទេសជាប្រក្រតី និងការរស់នៅជាធម្មតាតាមប្រក្រតីភាពថ្មី រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា

