ភ្នំពេញ៖ ការហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ត្រូវបានដកចេញវិញហើយនៅថ្ងៃនេះ ប៉ុន្តែ វិធានការបិទខ្ទប់នៅតំបន់បិទខ្ទប់ នៅតែបន្តអនុវត្តដដែល។
ការសម្រេចបែបនេះ ត្រូវបានធ្វើឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តាមរយៈសេចក្ដីសម្រេចចេញនៅថ្ងៃអាទិត្យនេះ។
ក្នុងសេចក្ដីសម្រេចដដែលនេះ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមានការធ្វើដំណើរឡើងវិញឆ្លងពីខេត្តមួយទៅខេត្តមួយ ហើយក៏បើកឡើងវិញនូវមរណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសផងដែរ។
ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិធានការបិទខ្ទប់រាជធានីភ្នំពេញ ទីក្រុងតាខ្មៅ និងតំបន់បិទខ្ទប់ដទៃទៀត នៅតែបន្តអនុវត្តដដែល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យបិទការធ្វើដំណើរឆ្លងខេត្ត និងតំបន់ទេសចរណ៍ទាំងអស់នៅទូទាំងប្រទេសម្ដងរួចមកហើយចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២០ ខែមេសា ហើយបន្ទាប់មកបានសម្រេចឱ្យបន្តអនុវត្តវិធានការនេះរយៈពេល ៨ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៨ ខែមេសានេះ៕