ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម សរុបប្រមាណ ៧.៣៩២.៧៣៨ លានរៀល ស្នើនឹងប្រមាណ ១.៨០៥ លានដុល្លា ដែលស្មើនឹង ៦,៧% នៃសេដ្ឋកិច្ចជាតិសរុប។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម ថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្តម បានឱ្យដឹងថា ខេត្តកំពង់ចាម មានចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១.៥៩២ ដុល្លា។ សេដ្ឋកិច្ចខេត្តកំពង់ចាម មានកំណើន ៨,៥% នៅឆ្នាំ២០១៨ និងធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ ឆ្នាំ២០២០ (-១,១%) និងកើនឡើងវិញ ១,៣% ក្នុងឆ្នាំ២០២១។
បើតាមឯកឧត្តម អ៊ុន ចាន់ដា ខេត្តកំពង់ចាមមានសក្តានុពលសេដ្ឋកិច្ច ពឹងផ្អែកលើវិស័យសំខាន់ៗចំនួន ៣ គឺវិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម។ ក្នុងនោះ ទី១ វិស័យកសិកម្ម មានទំហំ ២.៦៥៧.៣៤៣ លានរៀល និងមានចំណែក ៤១,១% នៃសេដ្ឋកិច្ចខេត្ត និងកំណើនពី ៣,៦% ទៅ ៤% ក្នុងឆ្នាំ២០២១ ដែលក្នុងនោះដំណាំមានកំណើនថេរ ៤,៤% ការចិញ្ចឹមសត្វមានកំណើនពី២,៨% ទៅ ៣,៥% ជលផលនេសាទមានកំណើនពី ២,៤% ទៅ ៣,៥% និងរុក្ខាប្រមាញ់ មាន១,៤%ថេរ។
ទី២ វិស័យសេវាកម្ម មានទំហំ ២,៤៤០,១៣៣ លានរៀល និងមានចំណែក៣៧,៧% នៃសេដ្ឋកិច្ចខេត្ត និងមានការថយចុះ ៥,៩% ដែលក្នុងនោះលក់ដុំលក់រាយមានការថយចុះ៧,៥% សណ្ឋាគារ និងភោជនីដ្ឋានថយចុះ ១២,៥% រដ្ឋបាលសាធារណៈមានកំណើន ១៤,៦% ហិរញ្ញ វត្ថុមានកំណើន ៣% និងសេវាកម្មផ្សេងទៀតថយចុះ ៨,២%។
ទី៣ វិស័យឧស្សាហកម្ម មានទំហំ ១.៣៧២.៤៨៨ លានរៀល និងមានចំណែក ២១,២% នៃសេដ្ឋកិច្ចខេត្ត និងមានកំណើន ១១,៣% ដែលក្នុងនោះរ៉ែមានកំណើន ១៨,៤% កម្មន្តសាល ១២,៩% អគ្គីសនី ៣% ទឹកស្អាត ១,៩% និងសំណង់ ១,៨%៕ អត្ថបទ៖ ដារ៉ា




