បាល់ទាត់៖ ខ្សែប្រយុទ្ធ Paris Saint Germain, Kylian Mbappe នឹងអវត្តមានពីការប្រកួតជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ទល់នឹង Bayern Munich ដោយសាររបួសភ្លៅ។ ខ្សែប្រយុទ្ធបារាំងរូបនេះបានរងរបួសភ្លៅអំឡុងជ័យជំនះ ៣-១ លើ Montpellier កាលពីយប់ថ្ងៃពុធដែលធ្វើឱ្យគេត្រូវសម្រាកពីការប្រកួត ៣សប្តាហ៍។

យប់ដែល Mbappe រងរបួសនោះជាយប់ដែលត្រូវបំភ្លេចសម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះ បន្ទាប់ពីស៊ុតបាល់ ១១ម៉ែត្រមិនចូលពីរលើក ហើយរងរបួសត្រូវដូរចេញតាំងពីនាទីទី២១។ Paris Saint Germain ត្រូវជួប Bayern Munich ជើងទី១ ថ្ងៃទី១៤ ខែកុម្ភៈនេះ ខណៈរបួសរបស់ Mbappe ក៏ត្រូវអវត្តមានពីការប្រកួតផ្សេងទៀតដែររួមមាន ពានរង្វាន់ French Cup ទល់នឹង Marseille ថ្ងៃទី៨ និងការប្រកួតក្របខណ្ឌបារាំង Ligue 1 ទល់នឹង Monaco ថ្ងៃទី១១។ សូមបញ្ជាក់ថា Kylian Mbappe បានស៊ុតបញ្ចូលទី ២៥គ្រាប់ហើយក្នុងការបង្ហាញខ្លួន ២៦ប្រកួតរដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ