ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឱ្យថា នៅក្នុងវិស័យការងារ ខេត្តកំពង់ចាម មានសហគ្រាសគ្រឹះស្ថាន សរុប ៤៦៣ គ្រឹះស្ថាន ដែលបានស្រូបយកកម្លាំងកម្មករ និយោជិតសរុប ៤៤.៦៣៥ នាក់ ស្រីចំនួន ៣៤.៣៦០ នាក់។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម ថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងថា ក្នុងចំណោមសហគ្រាសគ្រឹះស្ថាន សរុប ៤៦៣ គ្រឹះស្ថាន ក្នុងនោះមាន រោងចក្រកាត់ដេរ និងដេរស្បែកជើង ចំនួន ២២ កន្លែង (នៅស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កងមាស កំពង់សៀម និងក្រុងកំពង់ចាម) មានកម្មករ-កម្មការិនីចំនួន ៣២.៤៥៣ នាក់ (ស្រី ២៩,៤០៥នាក់)។
ឯកឧត្តម អភិបាលបានឱ្យដឹងដែរថា នៅទូទាំងខេត្តកំពង់ចាមមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សរុប ៨២កន្លែង ក្នុងនោះសាលារដ្ឋ ចំនួន ៨ កន្លែង និងសាលាឯកជន ចំនួន ៧៤ កន្លែង។ រដ្ឋបាលខេត្តក៏បានផ្តល់សៀវភៅការងារបណ្ណការងារដល់កម្មករ ចំនួន ១៩.៣៥០ នាក់ផងដែរ៕
