ភ្នំពេញ៖ សម្តេចតេជោ ផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋជាង ១២០០គ្រួសារ នៅបុរីកីឡា ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗទៀត។
ប្រជាពលរដ្ឋប្រមាណជាង ១២០០គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង០៨ អគារ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបង្ហាញពីក្តីរំភើបរីករាយយ៉ាងខ្លាំង ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់បណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។
ការបង្ហាញពីក្តីរំភើបរីករាយពីសំណាក់ប្រជាពលរដ្ឋខណៈឯកឧត្តម ឃួង ស្រេង អញ្ជើញជួបសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិលើចំណែកឯកជនចំនួន ១៣៩២ យូនីត ស្មើនិងជាង ១២០០គ្រួសារជូនពួកគាត់ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជួយសម្រួលឱ្យពលរដ្ឋទទួលបានកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជននៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចជាសម្រាលបន្ទុកក្នុងការបង់ពន្ធអាករ និងសេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងបណ្ណកម្មសិទ្ធិខាងលើសម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិលើចំណែកឯកជនចំនួន ១៣៩២ យូនីត នៃអគារបុរីកីឡាទាំង០៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រមាណជាង ១២០០ គ្រួសារ ជាមួយនិងការលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរក្រសួងនានា ក្នុងការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិលើចំណែកឯកជនទាំងអស់នេះ។
ឯកឧត្តម ឃួង ស្រេង បន្តថា នេះពិតជាស្ដែងឱ្យឃើញអំពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា ។ តាមរយៈការជួយសម្រួលដល់ការធ្វើបណ្ណកម្មសិទ្ធិខាងលើ ដោយពុំចំណាយថវិកាលើការបង់ពន្ធអាករផ្សេងៗ និងសេវាអន្តរក្រសួងនានានោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា បន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជាគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









