អាមេរិក៖ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងជួបសមភាគីចិនរបស់លោកនៅក្នុងទីក្រុងប៉េកាំងនៅសប្ដាហ៍ក្រោយ នឹងមានការមិនឯកភាពគ្នាមួយចំនួនចាប់ពីបញ្ហាចម្រូងចម្រាស រឿងកោះតៃវ៉ាន់រហូតដល់បន្ទះឈីបកុំព្យូទ័រ និងពាណិជ្ជកម្ម។
ប៉ុន្តែលោកទាំង២ នឹងព្យាយាមឆ្លើយសំណួរដូចគ្នា៖ តើមហាអំណាចសេដ្ឋកិច្ចទាំង២ នេះអាចបញ្ចៀសសង្គ្រាមត្រជាក់ថ្មីដោយរបៀបណា?។ ទំនាក់ទំនងរវាងមហាអំណាចទាំង២ បានប្រេះស្រាំជាច្រើនឆ្នាំមកហើយ និងបានធ្លាក់ដល់ចំណុចផុយស្រួយបំផុតក្នុងពេល ១ទសវត្សរ៍មកនេះកាលពីខែសីហាឆ្នាំមុន នៅពេលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលជំរុញឲ្យចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន នៅជិតកោះស្វ័យគ្រប់គ្រងមួយនេះ។ ចាប់តាំងពីពេលនោះមក រដ្ឋបាលលោកប្រធានាធិបតី Joe Biden បាននិយាយថា ខ្លួនសង្ឃឹមថា នឹងកសាងមូលដ្ឋានសម្រាប់ទំនាក់ទំនង និងធានាបានថា ការប្រកួតប្រជែងនឹងមិនបង្កឲ្យផ្ទុះជាជម្លោះឡើយ។
លោក Biden បានជួបប្រធានាធិបតីចិនលោក Xi Jinping កាលពីខែវិច្ឆិកា ហើយមេដឹកនាំទាំង២ បានប្ដេជ្ញាបង្កើនទំនាក់ទំនងល្អជាមួយគ្នាថែមទៀត។ បញ្ហាកាន់តែស្មុគស្មាញថែមទៀត មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បាឡុងឈ្លបយកការណ៍ដែលសង្ស័យថាជារបស់ចិន បានហោះនៅលើសហរដ្ឋអាមេរិកប៉ុន្មានថ្ងៃមកនេះ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងតាមដាន ព្រោះបាឡុងនេះបានហោះចូលក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន