ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៣នេះថា គិតត្រឹមថ្ងៃម្សិលមិញ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ បានចំនួន១៥,៤១% (២១៧,៧៥២នាក់) និងទី៦ បានចំនួន០.៦៦%(៩២៨៤នាក់)។
ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ជាក្រុមគោលដៅមានចំនួន១,៤១២,៧៦៩នាក់ ដែលមកទទួលសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យមកពីស្ថាប័នអង្គភាពផ្សេងៗ រួមមានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ, កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ, មនី្ទរពេទ្យថ្នាក់ជាតិ និងក្រុមគ្រូពេទ្យTYDA និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនានា បានចូលរួមយ៉ាងសកម្ម ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ទី៤ ទី៥ និងទី៦ ជូនប្រជាពលរដ្ឋ ក្នុងនោះជាលទ្ធផលចាក់ដូសទី៣ បានចំនួន១០៧.៧៣%(១,៥២២,០៩១នាក់), ចាក់ដូសទី៤ បានចំនួន៨៣.៨០% (១,១៨៣,៨៤៥នាក់), ចាក់ដូសទី៥ បានចំនួន១៥.៤១%(២១៧,៧៥២នាក់) និងចាក់ដូសទី៦ បានចំនួន០.៦៦%(៩២៨៤នាក់)។
ចំណែកប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញចំណាប់អារម្មណ៍ ដោយជឿជាក់លើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ច្បាស់លាស់ណាស់ មុននឹងក្រោយ ធ្វើឲ្យសុខភាពល្អ សុខសប្បាយរហូត។
ជាចុងក្រោយក្នុងនាមមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដល់ពេលចាក់វ៉ាក់សាំង ក្រោយគម្លាតរយៈពេល៦ខែរួចហើយនោះ សុំមកទទួលវ៉ាក់សាំងកូវីដ-១៩ជាបន្តទៀត ជាពិសេសប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង សូមមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ដែលមានទីតាំងចាក់វ៉ាក់សាំងជូននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក សរុបចំនួន៤១ទីតាំង។ ជាពិសេសត្រូវចូលរួមការពារជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត សូមកុំទៅពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកជំងឺប្រភេទខាងលើនេះ៕អត្ថបទ រដ្ឋា