ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឱ្យដឹងថា ការងារកសិកម្ម ដំណាំស្រូវក្នុងខេត្តកំពង់ចាម អនុវត្តបានចំនួន ១៤០.៧៣៦ ហិកតា ក្នុងឆ្នាំ២០១៨ កើនដល់ ១៤៧.៤២២ ហិកតា ក្នុងឆ្នាំ២០២២ កើនប្រមាណជា ៤,៧%។ ចំណែកផលិតផលស្រូវផលិតបានចំនួន ៤៨៨.២៩២ តោនក្នុងឆ្នាំ២០១៨ កើនដល់ ៥៤៥.៥២១ តោនក្នុងឆ្នាំ២០២២ កើនប្រមាណ១១,៧ ភាគរយ។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម ថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងថា សម្រាប់តុល្យភាពស្បៀង ជារៀងរាល់ឆ្នាំខេត្តកំពង់ចាម ធានាបាននូវសន្តិសុខស្បៀងជានិច្ច ដោយក្នុងមួយឆ្នាំៗ ផលិតស្រូវបានចំនួន ៤៧៤.៦០៤ តោន គិតជាស្បៀងប្រមាណ ៣០៣.៧៤៦ តោន មិនតែប៉ុណ្ណោះខេត្តកំពង់ចាម នៅសល់ស្បៀងជាអង្ករប្រមាណជា ១៦២,៣៤១ តោន គិតជាស្រូវ ២៥៣.៦៥៨ តោន សម្រាប់ការនាំចេញផងដែរ។
បើតាមឯកឧត្តម អភិបាលខេត្ត ដំណាំរយៈពេលខ្លីបានចូលរួមយ៉ាងសកម្មក្នុងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។ ដំណាំនេះអាចផលិតបានពី ២ទៅ៣ដងក្នុង១ឆ្នាំ ដូចជា ដំណាំបន្លែគ្រប់មុខ ដំណាំសណ្តែក ដំណាំឡូង និងថ្នាំជក់ជាដើម ដែលក្នុងឆ្នាំ២០១៨ ផលិតបានចំនួន ៦៣២.៣០៣ តោន កើនដល់ ៧៣៦.៧១៣តោន ក្នុងឆ្នាំ២០២២។ រីឯដំណាំរយៈពេលវែងដូចជា ចេក ចន្ទី ស្វាយ ដូង ខ្នុរ ជាដើម ក្នុងឆ្នាំ២០១៨ ផលិតបានចំនួន ១៦៦.៦០៤ តោន កើនដល់ ២៥៦ ៦៨០ តោន ក្នុងឆ្នាំ២០២២។
ដោយឡែក ដំណាំកៅស៊ូ គឺជាដំណាំកសិ-ឧស្សាហកម្មមួយដ៍សំខាន់ ដែលបានបន្សល់ទុកកាលពីសម័យបារាំងមកម្ល៉េះ។ ខេត្តកំពង់ចាមចាប់តាំងពីឆ្នាំ២០១៤មក មកទល់ពេល នេះដំណាំកៅស៊ូ មានសរុបចំនួន ៣៣.២៤៥ ហិកតា ដែលក្នុងនោះមាន ដំណាំកៅស៊ូ គ្រួសារចំនួន ២៥.៤៨៧ ហិកតានិងដំណាំកៅស៊ូក្រុមហ៊ុន ចំនួន ៧.៧៥៨ ហិកតា៕ អត្ថបទ៖ វ៉ន ដារ៉ា
