កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានទុកពេលវេលាដល់អ្នកលួចសង់ខ្ទមប្រមាណជា ៧៣ខ្ទមលើដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប រយៈពេល៥ថ្ងៃ ត្រូវរុះរើឱ្យអស់ ប្រសិនពុំនោះនឹងមានវិធានការច្បាប់ជាពុំខាន។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រៀមអនុវត្តវិធានរដ្ឋបាលរុះរើខ្ទមអនាធិបតេយ្យសង់លើដីរដ្ឋនៅឃុំជ្រោយប្រស់ និងឃុំត្រពាំងរូង ស្រុកកោះកុង រួចរាល់ហើយ។ ប្រសិនបើពលរដ្ឋម្ចាស់ខ្ទមបែបអនាធិបតេយ្យទាំងអស់នោះមិនចូលរួមសហការ។
លោកអភិបាលរងខេត្ត បន្ថែមថា ខ្ទមដែលសង់លើដីរដ្ឋមួយភាគធំជាដីដែលត្រូវបានកាត់ឆ្វៀលពីរាជរដ្ឋាភិបាលប្រគល់មកឱ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង និងមួយផ្នែកទៀតជាដីដែលក្រសួងកសិកម្ម ផ្តល់កិច្ចសន្យាជួលរយៈពេលវែងជាមួយក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ទទួលសិទ្ធិវិនិយោគកន្លងមក។
អាជ្ញាធរខេត្ត គូសបញ្ជាក់ទៀតថា ពលរដ្ឋដែលលួចចូលតាំងទីលំនៅធ្វើជាខ្ទមនៅលើរដ្ឋ និងក្រុមហ៊ុនឯកជន គឺពួកគាត់មានទីលំនៅឃុំត្រពាំងរូង ឃុំព្រែកខ្សាច់ និងខេត្តកំពង់ចាម។ ដូច្នេះទើបមានការជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប រុះរើដោយខ្លួនឯង និងចាកចេញពីដីរដ្ឋ ត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។
ហើយរដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានរដ្ឋបាលរុះរើ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ខ្ទមទាំងនោះ ។ ទោះយ៉ាងណាពេលវេលានេះមិនខ្លីឡើយ ព្រោះកន្លងទៅអាជ្ញាធរស្រុកកោះកុង និងរដ្ឋបាលឃុំ ក៏ធ្លាប់បានផ្តល់ការជូនដំណឹងឱ្យរុះរើជាច្រើនលើកមកហើយ។
រដ្ឋបាលខេត្ត ក៏លើកឡើងទោសទណ្ឌផងដែរ ចំពោះការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់។ យោងតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រង់មាត្រា៨១ ចែងថា៖ រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល៕អត្ថបទ៖ ឈឹម មករា



