បាល់ទាត់៖ ខ្សែប្រយុទ្ធ Leeds United, Rodrigo នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ២ខែដោយសាររបួសកជើង។ កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះបានទទួលការវះកាត់ផងដែរ ក្រោយរងរបួសអំឡុងការប្រកួតកាលពីថ្ងៃសៅរ៍ពានរង្វាន់ FA Cup ដែល Leeds យកឈ្នះ Accrington Stanley។
កីឡាករវ័យ ៣១ឆ្នាំដែលបានផ្លាស់ពី Valencia ក្នុងតម្លៃ ២៦លានផោនកាលពីឆ្នាំ២០២០ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Leeds បច្ចុប្បន្នមាន ១២គ្រាប់រដូវកាលនេះ។ ក្នុងចំណោម ២៦គ្រាប់ដែល Leeds ស៊ុតបញ្ចូលទីគូប្រកួតនៅ Premier League មាន Rodrigo ១០គ្រាប់ដែលធ្វើឱ្យគេឈរលេខ៥ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគរដូវកាលនេះ។ ក្រុមរបស់លោក Jesse Marsch កំពុងឈរលេខ ១៥ ក្នុងតារាង មានគំលាតត្រឹម ១ពិន្ទុប៉ុណ្ណោះពីលើតំបន់ដែលត្រូវកាត់ចោល ខណៈចុងសប្តាហ៍នេះនឹងត្រូវធ្វើដំណើរទៅទឹកដី Nottingham Forest នៅថ្ងៃអាទិត្យ៕
អត្ថបទ៖នាង សុភាវុធ