ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ នៅទូទាំងខេត្តកំពង់ចាម ទទួលបានភ្ញៀវមកទស្សនាកំសាន្តសរុបចំនួន ២.៥៥៧.៨៩៥ នាក់ ក្នុងនោះ ទេសចរណ៍ជាតិចំនួន ២.៥០៩.៣២៩ នាក់ និងភ្ញៀវអន្តរជាតិ ៤៨,៥៧៥នាក់ ខណៈនៅទូទាំងខេត្តមាន រមណីយដ្ឋានចំនួន ១១ កន្លែង ក្នុងនោះគ្រប់គ្រងដោយរដ្ឋ ចំនួន ៥ កន្លែង និងឯកជន ៦ កន្លែង។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម ថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងថា ក្នុងចំណោម រមណីយដ្ឋាន ចំនួន ១១ កន្លែង គឺមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ៤ កន្លែង រួមមាន រមណីយដ្ឋាន នគរបាជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ និងភ្នំប្រុស-ភ្នំស្រី។ រមណីដ្ឋានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ១ កន្លែង គឺប្រាសាទប្រធាតុទឹកឆា និងរមណីយដ្ឋានធម្មជាតិ ៣ កន្លែង គឺ រមនីយដ្ឋាន បឹងធំ កោះប៉ែន និងទំនប់តាកុច។ រមណីយដ្ឋានកែច្នៃ ៣ កន្លែង គឺ កសិ-ទេសចរណ៍ថ្មដាទឹកឆា នាគខ្មៅ និងហាន់ជ័យបមប៊ួរឺសិត។
ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ខេត្តកមពង់ចាម ក៏មានហាងលក់វត្ថុអនុស្សាវរីយ៍ ចំនួន ៧ កន្លែង និងមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងមណ្ឌលកំសាន្តមនុស្សពេញវ័យនៅទូទាំងខេត្តមានសរុបចំនួន ៦៨២ កន្លែង ។
ឯកឧត្តម អភិបាលបញ្ជាក់ថា៖«ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ នៅទូទាំងខេត្តកំពង់ចាម ទទួលបានភ្ញៀវមកទស្សនាកម្សាន្ដសរុបចំនួន ២.៥៥៧.៨៩៥ នាក់ ក្នុងនោះ ទេសចរណ៍ជាតិចំនួន ២.៥០៩.៣២៩ នាក់ និងភ្ញៀវអន្តរជាតិ ៤៨,៥៧៥នាក់»៕
