បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ នឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាចុងសប្ដាហ៍នេះហើយ ក្រោយដំណើរការប្រកួតអស់រយៈពេលជិត ១ខែកន្លងមក។
សម្រាប់កម្មវិធី ក៏ដូចជាបេក្ខភាពប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ រួមមាននៅថ្ងៃទី០៤ ខែកុម្ភៈ ក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិត្រូវជួបក្រុម Royal Mayura Resort នៅកីឡដ្ឋានស្ដាតចាស់ ខណៈ ១គូទៀតគឺក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យត្រូវជួបក្រុម ស.ស.យ.ក ខេត្តកណ្ដាលនាថ្ងៃទី០៥ ខែកុម្ភៈនៅកីឡដ្ឋាន Smart RSN។ គួរដឹងថា មុនឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យបានទម្លាក់ក្រុម Khmer United ដោយលទ្ធផល ៤-២ ខណៈក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានយកឈ្នះក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ១-០។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួតកាត់សេចក្ដីរកបេក្ខភាពក្រុមជើងឯកនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា