ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ទៅអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ថា វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តបន្តដដែល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះតាមរយៈសារជាសំឡេងដែលត្រូវបានបញ្ជូនតាមប្រព័ន្ធតេឡេក្រាមទៅអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនៅតាមខណ្ឌទាំងអស់នៅថ្ងៃនេះ។
លោក ឃួង ស្រេង បញ្ជាក់ថា៖ «សូមជម្រាបជូនប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ និងអាវុធហត្ថរាជធានីភ្នំពេញ ចំពោះការបើកខ្ទប់នេះ គឺបើកតែខេត្តផ្សេងៗទៀត ដែលមានទំនាក់ទំនងពីខេត្តមួយទៅខេត្តមួយ។ ដោយឡែករាជធានីភ្នំពេញ ត្រូវអនុវត្តនូវសេចក្ដីសម្រេចដដែល»។
អភិបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ទៅកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ឱ្យអនុវត្តតាមសេចក្ដីសម្រេចបិទខ្ទប់រាជធានីភ្នំពេញដដែល។
លោក ឃួង ស្រេង បញ្ជាក់បន្ថែមថា៖ «អ៊ីចឹងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវរក្សាភាពដើមនៃការបិទខ្ទប់ដដែល»។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបើកឱ្យមានការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយឡើងវិញ ប៉ុន្តែ លើកលែងតែភូមិសាស្ត្រដែលត្រូវបិទខ្ទប់តែប៉ុណ្ណោះ។
រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស៕អត្ថបទ ៖ សុធី