ព្រះសីហនុ៖ បន្តាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ មកដល់ពេលនេះ ខេត្ដព្រះសីហនុ មានភ្ញៀវទេសចរអន្ដរជាតិ ចូលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែច្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០៣៣ ពិសេសភ្ញៀវទេសចរបទេសប៉ែកអឺរ៉ុប ។ល។
នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ បានធ្វើដំណើរទៅលេង កម្សាន្ដ និងស្នាក់នៅលម្ហែនៅរមណីយដ្ឋានទេសចរណ៍តាមបណ្ដាកោះ អ្នកខ្លះ ទើបធ្វើដំណើរមកប្រទេសកម្ពុជាដំបូង អ្នកខ្លះទៀតធ្លាប់បានចូលមកច្រើនដង ពួកគេ សុទ្ធតែបានសម្ដែងក្ដីរីករាយចំពោះបរិស្ថាន ការអភិវឌ្ឍ និងសន្ដិសុខសុវត្ថិភាព ព្រមទាំងមធ្យោយធ្វើដំណើរតាមផ្លូវទឹកទំនើប និងសុវត្ថិភាពខ្ពស់ ។
តំណាងក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ជលយានខេត្ដព្រះសីហនុ បានឱ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ រហូត មកដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរ មានការកើនឡើង ពិសេសភ្ញៀវទេសចរបរទេស (អឺរ៉ុប) ហើយកត្ដាដែល ធ្វើឱ្យភ្ញៀវមានការចាប់អារម្មណ៍ទៅលេងតាមបណ្ដាកោះនេះ គឺដោយសារតាមបណ្ដាកោះមានការអភិវឌ្ឍច្រើន ធនធាន ធម្មជាតិសម្បូរបែប ឆ្នេរសមុទ្រស្អាត ពិសេសគឺសន្ដិសុខល្អ មធ្យោបាយធ្វើដំណើរទំនើប លឿន និងសុវត្ថិភាព។
អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ (កងកេង) បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរជាង១០០នាក់ ខណៈទេសចរប៉ែកអឺរ៉ុប ក៏បន្តចូលមក លេងខេត្តនេះផងដែរ ៕អត្ថបទ៖ គង់ ប៊ុនថា