ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ បានថ្លែងថា បច្ចុប្បន្នកងកម្លាំងនៅសមរភូមិជួរមុខ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីប្រមុខរាជរដ្ឋាភិបាល ដោយក្រៅពីប្រាក់បៀវត្សរ៍ ពួកគេទទួលបានប្រាក់របបអាហារបន្ថែម រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត ។
ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសបែងចែកថវិកាជំនាញ ឆ្នាំ២០២៣ និងណែនាំរបៀប រៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២០២៦ គោលការណ៍អនុវត្តថវិកាកម្មវិធី២០២៣ និងឆ្នាំបន្ត នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក លី កុសល លើកឡើងថា កងទ័ពត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ប្តេជ្ញាអនុវត្តតាមគោលនយោបាយដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំបញ្ជាផ្ទាល់ ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា រាជរដ្ឋាភិបាល កំពុងធ្វើឲ្យជីវភាពរស់នៅរបស់កងយោធពលខេមរភូមិន្ទ បានទទួលជាប្រចាំនូវប្រាក់បំប៉នជំនាញហ្វឹកហ្វឺន បន្តផ្ដល់ប្រាក់ហូបបន្ថែម សម្រាប់សមរភូមិមុខ និងថវិកាថែទាំ គ្រឿងបំពាក់បច្ចេកទេសជាដើម ពិសេសការបើកផ្ដល់ប្រាក់បៀវត្សរ៍ឆាប់រហ័ស ទាន់ពេលវេលាមុនដំណាច់ខែនីមួយៗ និងពេលមានពិធីបុណ្យទានធំៗប្រចាំឆ្នាំ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ តែងតែបើកផ្ដល់ប្រាក់បៀវត្សរ៍ បានមុនតាមការកំណត់របស់ថ្នាក់លើជានិច្ច ជូនដល់ដៃយោធិនទូទាំងកងយោធពលខេមរភូមិន្ទ ។
ជាមួយនេះ ឧត្តមសេនីយ៍ឯក លី កុសល បានក្រើនរំឮកដល់បណ្ដាកងឯកភាព ត្រូវរួសរាន់ធ្វើនូវរបាយការណ៍ស្ដីពី វឌ្ឍនភាពសូចនាករ មកនាយកដ្ឋានហិរញ្ញវត្ថុ ការិយាល័យផែនការ ដើម្បីបូកសរុបបានទាន់ពេល ហើយក្នុងនាមស្ថាប័នហិរញ្ញវត្ថុ ចំណុះកងយោធពលខេមរភូមិន្ទ ជាសេនាធិការឲ្យមេបញ្ជាការ តាមបណ្ដាកងឯកភាព ត្រូវត្រង់ត្រាប់ស្ដាប់ឲ្យបានច្បាស់លាស់ នូវជំនាញហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយចែកចាយជូននូវឯកសារពាក់ព័ន្ធ ត្រូវឈ្វេងយល់នូវនីតិវិធី ចៀសវាងមានការឆកល្វែង នាំដល់ការពិបាកដោះស្រាយ ថ្លោះធ្លោយ ដោយប្រការណាមួយ ។
គួរបញ្ជាក់ថា ក្រៅពីការតម្លើងនូវប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញទៅក្រសួង ស្ថាប័នពាក់ព័ន្ធ សាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត រួមទាំងផ្ដល់ផ្ទះ និងដីជូនដល់កងកម្លាំងជួរមុខ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនផងដែរ ៕ អត្ថបទ ៖ សុខ រិទ្ធិ
