កំពង់ចាម ៖ ការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ចាម មានការកើនឡើងជាង២០០ភូមិ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពី ឆ្នាំ២០១៨-២០២២ ដែលធ្វើឱ្យកើនដល់ចំនួន៨៨៣ភូមិ ក្នុងចំណោម៩២៣ភូមិ ស្មើនឹងជាង៩៥ភាគរយ ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) របស់រដ្ឋបាលខេត្តកំពង់ចាម» នៅថ្ងៃទី៣ ខែកុម្ភៈនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានទឹកស្អាតផ្នែកសាធារណៈ ចំនួនមួយមូលដ្ឋាន និងទឹកស្អាតផ្នែកឯកជន ចំនួន៦០ មូលដ្ឋាន ដែលមានសមត្ថភាពផលិត និងផ្គត់ផ្គង់គ្របដណ្តប់បានចំនួន ១០៧ឃុំ-សង្កាត់ ក្នុងចំណោម ១០៩ឃុំ/សង្កាត់ ស្មើនឹង៩៨.១៦ភាគរយ ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) មានកំណើនប្រជាពលរដ្ឋប្រើ ប្រាស់ទឹកស្អាតដល់ចំនួនជាង៣ម៉ឺន៤ពាន់គ្រួសារ ។
ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានចូលរួម អនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ស្នូលទាំងបី គឺកំណែ ទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យមានភាពប្រទាក់ក្រឡា ស៊ីចង្វាក់គ្នា។
រដ្ឋបាលខេត្ត បានរៀបចំ និងអនុវត្តនូវគោលការណ៍ និងផែនការសកម្មភាពជាប្រចាំ ដូចជាការរៀបចំផែនការអភិវឌ្ឍ រយៈពេល៥ឆ្នាំ (២០២០ ដល់២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ដើម្បីបញ្ជូលគម្រោង ដែលជាអាទិភាពសម្រាប់ធ្វើការអនុវត្ត ឲ្យស្របតាមកម្មវិធីថ្នាក់ជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕អត្ថបទ៖ ទូច សោភ័ណ