ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅក្នុងរយៈពេលជាង ១០០ថ្ងៃខាងមុខនេះ។ ក្នុងការធ្វើជាម្ចាស់ផ្ទះនេះ គឺកម្ពុជានឹងមានអត្តពលិកជាជនមានពិការភាព ចូលរួមប្រកួតទាំង ១៣ប្រភេទកីឡា។ នេះជាការលើកឡើងរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
តាមរយៈការតាមដានសកម្មភាពហ្វឹកហាត់របស់អត្តពលិកជាប្រចាំថ្ងៃ ឯកឧត្តមបានបង្ហាញនូវក្ដីសង្ឃឹមថា កម្ពុជានឹងទទួលបានមេដាយច្រើន សម្រាប់ការប្រកួតក្នុងឆ្នាំនេះ។ ឯកឧត្ដមជឿជាក់ថា ក្នុងការប្រកួតនេះ កម្ពុជានឹងអាចទទួលបានមេដាយមាសរហូតដល់៥៦គ្រឿង ជាចំនួនទ្វេដង នៃការទទួលបានមេដាយរបស់កម្ពុជា ក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមកាលពីលើកទី១១ នៅឥណ្ឌូនេស៊ី។ ការជឿជាក់នេះ ធ្វើឡើងក្រោមហេតុផលជាក់លាក់មួយចំនួន ដោយបូករួមទាំងចំនួនអត្តពលិក ការហ្វឹកហាត់ និងកម្លាំងចិត្តនាំកិត្តិយសជូនជាតិរបស់ពួកគេជាដើម។
ក្នុងនាមអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តមក៏បានលើកឡើងពីការយកចិត្តទុកដាក់ចំពោះអត្តពលិកមានពិការភាព និងផ្ដល់តម្លៃជាខ្លាំងជូនពួកគេផងដែរ ក្នុងនោះមានតាំងពីការទំនុកបម្រុង និងផ្ដល់ជាថវិកាលើកទឹកចិត្តនៅពេលទទួលបានជ័យជម្នះជាដើម។ ចំពោះអត្តពលិក ក៏បានបង្ហាញភាពជឿជាក់ និងប្ដេជ្ញាដណ្ដើមយកមេដាយជូនជាតិឱ្យបានផងដែរ។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងរៀបចំឡើងក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបានបិទបញ្ចប់។ ចំពោះប្រភេទកីឡា គឺមានចំនួន ១៣ប្រភេទ ក្នុងនោះរួមមាន បាល់បោះជនពិការភ្នែក អត្តពលកម្មជនពិការ វាយសីជនពិការ បាល់ទាត់ចលករខួរក្បាល ប៊ូស្យា កីឡាអុកជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ បាល់ទះអង្គុយ ហែលទឹកជនពិការ បាល់ទះរទេះ និងបាល់ទាត់ជនពិការភ្នែកជាដើម៕ អត្ថបទ៖ គឹមហុក









