រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនត្រូវបានផ្អាក ជាដំណើរទស្សនកិច្ចដែលត្រូវបានគេរំពឹងថាចាប់ផ្តើមនៅថ្ងៃសុក្រ ខណៈបាឡុងចារកម្មចិនដែលសង្ស័យបានហោះអណ្តែតលើសហរដ្ឋអាមេរិក។ លោក BLINKEN និយាយដោយមើលឃើញពីសកម្មភាពមិនអាចទទួលយកបានរបស់ប្រទេសចិន លោកបានផ្អាកដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅចុងសប្តាហ៍នេះទៅកាន់ប្រទេសចិន។
ក្រសួងការពារជាតិបានប្រកាសថា ក្រសួងបានរកឃើញ និងកំពុងតាមដានបាឡុងស៊ើបការណ៍មានរយៈកម្ពស់ខ្ពស់ ដែលនៅតែមាននៅលើសហរដ្ឋអាមេរិក។ យើងជឿថា នេះគឺជាបាឡុងស៊ើបការណ៍របស់ ចិន។ វត្តមានបាឡុងស៊ើបការណ៍នៅក្នុងដែនអាកាសសហរដ្ឋអាមេរិក គឺជាការបំពានយ៉ាងច្បាស់លាស់លើដែនអធិបតេយ្យភាព និងច្បាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលវាជាទង្វើមិនទទួលខុសត្រូវ ហើយការសម្រេចចិត្តរបស់ប្រទេសចិនក្នុងចំណាត់ការនេះនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក គឺធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារសំខាន់ៗចំពោះកិច្ចពិភាក្សាដែលយើងបានត្រៀមទុករួចហើយ។ ក្រុមមន្ត្រីបាននិយាយថា មេដឹកនាំយោធាបានពិចារណាពីការបាញ់ទម្លាក់បាឡុងនេះនៅលើរដ្ឋ Montana កាលពីថ្ងៃពុធ ប៉ុន្តែបានបដិសេធដោយសារតែហានិភ័យសុវត្ថិភាពពីការធ្លាក់កម្ទេចកម្ទី។ ប្រទេសចិនបានសម្តែងការសោកស្ដាយចំពោះអ្វីដែលខ្លួនចាត់ទុកថា នាវាអាកាសស៊ីវិលបានរេចូលទឹកដីសហរដ្ឋអាមេរិកបន្ទាប់ពីត្រូវបានបង្ហោះចេញ។
លោក Blinken និយាយថាលោកនឹងមិនកំណត់កាលបរិច្ឆេទថាតើលោកនឹងទៅប្រទេសចិននៅពេលណានោះទេ ហើយការផ្តោតសំខាន់គឺលើការដោះស្រាយឧប្បត្តិហេតុបច្ចុប្បន្ន។ អ្វីដែលសំខាន់បំផុតនាពេលនេះ គឺបាឡុងស៊ើបការណ៍នេះ ត្រូវតែយកចេញពីដែនអាកាសរបស់យើង។ ការផ្អាកនៃការធ្វើដំណើរទស្សនកិច្ចនេះគឺជាការប៉ះទង្គិចដល់ភាគីទាំងសងខាងដែលបានមើលឃើញថាវាជាឱកាសហួសពេលដើម្បីធ្វើឲ្យមានស្ថេរភាពទំនាក់ទំនងដែលកាន់តែប្រេះស្រាំជាមួយប្រទេសចិន។

