ក្រុមហ៊ុនហោះហើរដ៏ល្បីឈ្មោះប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គឺក្រុមហ៊ុន Air Asia កំពុងរៀបចំ ចុះបញ្ជីបង្កើតសាខានៅកម្ពុជា ដែលគ្រោងនឹងបើកប្រតិបត្តិការនៅកម្ពុជានាពេលខាងមុខឆាប់ៗនេះ។
ក្រោយជំនួបរវាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងនាយកប្រតិបត្តិក្រុមហ៊ុន Air Asia ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនេះឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់ថា ក្រុមហ៊ុន Air Asia ដែល កំពុងរៀបចំចុះបញ្ជីការដើម្បីប្រតិបត្តិការហោះហើរនៅកម្ពុជានេះ គឺជាដំណឹងថ្មី និងជាដំណឹងល្អ ខណៈកម្ពុជា កំពុងមានស្ថានភាពល្អប្រសើរពីជំងឺកូវីដ-១៩ និងស្របពេលដែលប្រទេសចិន កំពុងបើកប្រទេសឱ្យប្រជាជនអាចធ្វើដំណើរចេញចូលប្រទេសរបស់ខ្លួនដោយសេរីវិញបាន។
ឯកឧត្តម អ្នកនាំពាក្យបានបន្តថា ក្រុមហ៊ុនហោះហើរ Air Asia មានសាខាចំនួន៥ប្រទេស និងបានហោះហើរស្ទើរគ្រប់ប្រទេសក្នុងតំបន់អាស៊ី និងជាក្រុមហ៊ុនដែលមានវ័យចំណាស់នៅលើពិភពលោក។
គួរបញ្ជាក់ថា ក្រុមហ៊ុន Air Asia បានបើកក្រុមហ៊ុនដំបូងគេនៅប្រទេសម៉ាឡេស៊ី បន្ទាប់ នៅប្រទេសថៃ នៅហ្វីលីពីន នៅឥន្ឌូណេស៊ី ហើយលើកនេះត្រៀមបើកនៅកម្ពុជា ដោយបានបើកដំបូង ក្នុងឆ្នាំ១៩៩៣ ដែលមកដល់ពេលនេះមានរយៈពេល៣០ឆ្នាំ ហើយក្រុមហ៊ុនមួយនេះចាប់ផ្តើមល្បីឈ្មោះ នៅឆ្នាំ២០០០ និងបានប្រតិបត្តិការហោះហើរនៅជុំវិញតំបន់អាស៊ីប៉ាហ្វីក ហើយក្រុមហ៊ុននេះល្បីល្បាញផ្នែកលក់សំបុត្រ និងសេវាដឹកជញ្ជូនជោគជ័យជាងគេក្នុងតំបន់។
បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះកំពុងរៀបចំចុះបញ្ជី និងរៀបចំដំឡើងឈ្មោះស្របច្បាប់ ដើម្បីត្រៀមប្រតិបត្តិការ ហោះហើរនៅអំឡុង ខែ១០ឆ្នាំ២០២៣នេះ នេះបើយោងតាមការបញ្ជាក់បន្ថែមពីឯកឧត្តម ជា អូន៕ អត្ថបទ៖ គង់ រ៉េន




