ត្បូងឃ្មុំ៖ ស្របតាមកម្មវិធីនយោបាយអាណត្តិទី៧ ដែលគណបក្សបានចេញសេចក្តីសម្រេចចិត្ត នៅក្នុងមហាសន្និបាតវិសាមញ្ញ កាលពីកន្លងទៅថ្មីៗនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ បានអំពាវនាវដល់សមាជិក-សមាជិកាគណបក្ស និងក្រុមការងារគណបក្សខេត្តត្បូងឃ្មុំទាំងអស់ ត្រូវធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នា ដើម្បីធ្វើយ៉ាងណាបន្តយកជ័យជម្នះ ក្នុងការបោះឆ្នោតអាណត្តិទី៧ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះទៀត។
ការអំពាវនាវរបស់សម្តេចប្រធានកិត្តិយសគណបក្សបានធ្វើឡើង នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពី លទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឆ្នាំ២០១៨-២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សសម្រាប់កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សបានសម្រេចកាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣នោះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺសំដៅឱ្យអង្គប្រជុំទាំងមូលបានយល់ជ្រួតជ្រាបស៊ីជម្រៅ និងឯកភាពគ្នាទៅលើសំណុំឯកសារ ដែលមហាសន្និបាតវិសាមញ្ញបានអនុម័តទាំងការវាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយរយៈពេល៥ឆ្នាំកន្លងមក និងទិសដៅភារកិច្ចឆ្នាំ២០២៣ ពិសេសកម្មវិធីនយោបាយ ៥ឆ្នាំ ដែលគណបក្សបានដាក់ចេញសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខ ក៏ដូចជា ជំហ៊ានការងារជាក់ស្តែងទាំងឡាយ ដែលត្រូវបន្តធ្វើពីពេលនេះ រហូតដល់ការបោះឆ្នោត និងក្រោយការបោះឆ្នោត ដើម្បីរៀបចំការងារជាក់ស្តែង ក្នុងក្របខណ្ឌខេត្ត សំដៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ ឱ្យសម្រេចបានតាមសន្ទស្សន៍ដែលគណបក្សបានដាក់ចេញសម្រាប់មណ្ឌលខេត្តត្បូងឃ្មុំ។
នៅក្នុងកម្មវិធីនេះដែរ សម្តេចប្រធានកិត្តិយសគណបក្ស ក៏បានស្នើដល់ក្រុមការងារ និងសមាជិកសមាជិកាទំាងអស់ បន្តពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់ពង្រាយក្រុមការងារឱ្យដល់គ្រប់ភូមិនៃឃុំ និងសង្កាត់នីមួយៗ។ ក្រុមការងារគ្រប់ថ្នាក់ត្រូវបង្កើនសកម្មភាពចុះជួយគាំទ្រដល់មូលដ្ឋាន ក្នុងការរៀបចំចាត់ចែងអនុវត្តផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោតឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ។ បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការកសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោតតាមគោលការណ៍ «ពង្រឹងចាស់ កសាងថ្មី» ដោយខិតខំធ្វើឱ្យសមាជិកម្នាក់ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹកនោះ៕ អត្ថបទ៖ បាន ចក់











