កោះកុង៖ អាជ្ញាធរខេត្ត នៅតែរក្សាទុកប៉ុស្តិ៍ត្រួតពិនិត្យសុខភាពចំពោះអ្នកដំណើរដែលមានបំណងចូលមកកាន់ខេត្តកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចនៅឃុំបឹងព្រាវ ស្រុកស្រែអំបិលដដែល។
លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង នៅរសៀលថ្ងៃទី២៥ ខែមេសា នេះ គូសបញ្ជាក់ថា លោកបញ្ជាឱ្យកងកម្លាំងប្រចាំការនៅតាមប៉ុស្តិ៍ត្រួតពិនិត្យសុខភាពតាមស្រុកប្រមាណ៤ទីតាំង ឈប់ដំណើរការអស់ហើយ តបនឹងសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។
បើតាមការលោក សំ ឃិតវៀន ទោះបីមានការដកកម្លាំងសមត្ថកិច្ច និងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពមួយចំនួនក្នុងខេត្តក៏ដោយ ក៏អាជ្ញាធរខេត្តបន្តរក្សាទុកនៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពស្រុកស្រែអំបិលដដែល ដើម្បីតាមដានអាការៈសុខភាពអ្នកដំណើរពីខេត្តមិនប្រឈមនឹងកូវីដ១៩។
លោកអភិបាលរង សង្កត់ធ្ងន់ដែរថា មូលហេតុដែលមិនដកប៉ុស្តិឃុំបឹងព្រាវ ស្រុកស្រែអំបិល ព្រោះវានៅតែដើរតួនាទីយ៉ាងសំខាន់លើការងារវ៉ាស់កម្ពៅ តម្រូវឱ្យអ្នកដំណើរពាក់ម៉ាស់ លាងដៃនឹងអាល់ ព្រមទាំងសួរសាកព័ត៌មានអំពីគោលដៅបំណងដែលពួកគេធ្វើដំណើរទៅឱ្យបានច្បាស់លាស់បំផុត។
ទាក់ទិនបំណងនៃការចង់ធ្វើដំណើរមកលេងកម្សាន្តរបស់ពលរដ្ឋ និងអ្នកទេសចរមកពីខេត្តផ្សេងៗពីតំបន់មិនមែនជាខេត្តបិទខ្ទប់ ឬបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដង លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង អះអាងថា ពួកគេគឺដាច់ខាតត្រូវតែរក្សាវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដដែល គប្បីខ្វះចន្លោះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង បន្ថែមទៀតថា កាលណាដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យពលរដ្ឋធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងបើកដំណើររមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញ។ ប្រជាពលរដ្ឋ និងអ្នកទេសចរ ទូទៅ ពិតជាអាចមកលេងកម្សាន្តបានតាមរមណីយដ្ឋាននីមួយៗបានដោយពុំមានការហាមប្រាម ឬធ្វើចត្តាឡីស័កអ្វីទេ ប៉ុន្តែចាំបាច់ទាមទារឱ្យរក្សានូវវិធានការសុខាភិបាលគ្រប់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕ អត្ថបទ ៖ ឈឹម មករា


