ព្រះសីហនុ៖ «ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ កម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយដែលប្រទេសជាតិស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានកម្រិតជីវភាព និងមានចំណេះដឹងកាន់តែប្រសើរ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា” ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានបានគូសបញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំមុនវិបត្តិកូវីដ១៩ ក្នុងរង្វង់ប្រមាណ ៧,៥% បានធ្វើឲ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ និងជាចលករប្រែក្លាយកម្ពុជាឈានទៅសម្រេចចក្ខុវិស័យ ប្រែក្លាយខ្លួនប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ តម្រូវការជាមូលដ្ឋាន រួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក អគ្គិសនី ដែលបានពង្រីកយ៉ាងឆាប់រហ័ស ផ្តល់ជូនប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស បានបង្កលក្ខណៈឲ្យការរស់នៅប្រចាំថ្ងៃមានភាពល្អប្រសើរជាងមុន លើកកម្ពស់គុណភាពជីវិត។ ឯកឧត្តមប្រធានបានលើកឡើងនូវចំណុចត្រូវស្វែងយល់ ក្នុងដំណើរកម្ពុជារហូតមកដល់ពេលនេះ ទី១៖ ការបោះឆ្នោត ៥ឆ្នាំម្ដង ដែលស្តែងចេញនូវភាពជោគជ័យនៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស និងទី២៖ ធនធានមនុស្ស ដោយកម្ពុជាបានប្រែក្លាយពីប្រទេសដែលសេដ្ឋកិច្ចពឹងផ្អែកលើធនធានធម្មជាតិ មកពឹងផ្អែកលើកាផ្តល់សេវាកម្ម ឧស្សាហកម្ម និងបានប្រែក្លាយពីការធ្វើកសិកម្មបែបបុរាណ មកកសិកម្មបែបទំនើប។
ឯកឧត្តមប្រធានបានគូសបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកក្នុងដំណើរកសាងឧត្ដមភាពកម្ពុជា យើងម្នាក់ៗគួរចេះស្វែងយល់ និងមានការគិតឲ្យបានវែងឆ្ងាយទៅលើ ទី១៖ ស្វែងយល់ឲ្យបានស៊ីជម្រៅពីស្ថានភាព និងនិន្នាការសកលលោក និងទី២៖ ដឹងពីស្ថានភាពកម្ពុជាខ្លួនឯង ថាតើកម្ពុជាយើងនៅចំណុចណា។ នាឱកាសនោះផងដែរ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានឡើងអានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុផងដែរ៕


