សិង្ហបុរី៖ ការសម្ដែងទម្រង់សិល្បៈរបស់ខ្មែរក្នុងព្រឹត្តិការណ៍ ឈីងហ្កេ ទទួលបានជោគជ័យ និងការគាំទ្រកោតសរសើរជាច្រើនពីទស្សនិកជន និងក្រុមការងារដែលរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ។ នេះជាការលើកឡើងរបស់សិល្បករ-សិល្បការិនី ក៏ដូចជាគ្រូដឹកនាំដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផ្ទាល់។
ផ្ទាំងទស្សនីយភាពរបស់ខ្មែរដែលនាំយកទៅបង្ហាញក្នុងព្រឹត្តិការណ៍ ឈីងហ្កេ នៅប្រទេសសិង្ហបុរីទទួលបានជោគជ័យត្រចះត្រចង់។ នេះជាការលើកឡើងរបស់ក្រុមសិល្បករ ក៏ដូចជាគ្រូដឹកនាំដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់។ ពួកគេបានលើកឡើងពីភាពជោគជ័យ ដោយសារតែការសម្ដែងទស្សនីយភាពក្រោមប្រធានបទ "ក្ដីសង្ឃឹមរបស់យើង" របស់កម្ពុជា ទទួលបានការកោតសរសើរជាច្រើន។ អ្នករៀបចំព្រឹត្តិការណ៍ ឈីងហ្កេ បានកោតសរសើរពីការសម្ដែងរបស់កម្ពុជា ថែមទាំងចាត់ទុកជាគំរូថែមទៀតផង។ រីឯទស្សនិកជនមានការសាទរ ទះដៃជាច្រើនចំពោះការសម្ដែងរបស់កម្ពុជា និងមានការកោតសរសើរពីសិល្បករមកពីបណ្ដាប្រទេសដទៃផងដែរ។ ភាពជោគជ័យនេះផ្តល់នូវកម្លាំងចិត្តជាខ្លាំងចំពោះសិល្បករ សិល្បការិនីកម្ពុជា។
ទស្សនីយភាពសិល្បៈដែលកម្ពុជាសម្ដែងក្នុងព្រឹត្តិការណ៍ ឈីងហ្កេ ធ្វើឡើងក្រោមប្រធានបទ "ក្តី សង្ឃឹមរបស់យើង (Our Hope)"។ ការសម្ដែង "ក្តីសង្ឃឹមរបស់យើង (Our Hopes) ជាការរួមបញ្ចូលគ្នា នូវរបាំបុរាណ របាំសហសម័យ ក្បាច់ផ្ការំដួល និងសៀក នឹងបង្ហាញក្តីសង្ឃឹម និងភាពសុខដុមរបស់ប្រជាជាតិខ្មែរ ក៏ដូចជាភាពស្រស់ត្រកាលក្នុងការរស់នៅប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្ដែងដ៏ធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយសមាគមប្រជាជននៃប្រទេសសិង្ហបុរី។ ឆ្នាំនេះព្រឹត្តិការណ៍នេះបានវិលត្រឡប់មកជាថ្មី ដែលមានអ្នកសិល្បៈជាតិ និងអន្តរជាតិចូលរួមដើម្បីបង្ហាញពីសិល្បៈ វប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន៕ អត្ថបទ៖ គឹម ហុក






