ព្រះសីហនុ៖ «ការសម្រេចចិត្តដ៏ត្រឹមត្រូវមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំបិតត្រាំង ឃុំរាម ឃុំសាមគ្គី និងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម សាយ សំអាល់ បានសម្ដែងនូវការអបអរសាទរដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់ និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួមកសាងសង្គមកម្ពុជាជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរួមរស់ជាមួយប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ និងដែលបានលះបង់ និងបានរួមគ្នាកសាងសង្គមកម្ពុជាតាំងពីចំណុចសូន្យឆ្ពោះទៅវឌ្ឍនភាព និងក្ដីសង្ឃឹមរហូតដល់មានអ្វីៗដូចសព្វថ្ងៃ។
ឯកឧត្ដមបន្តថា កម្រិតជីវភាពប្រជាពលរដ្ឋ គុណភាពជីវិតកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ស្ដែងចេញតាមរយៈកំណើនសេដ្ឋកិច្ចជាង ២ទស្សវត្សជាប់ៗគ្នាក្នុងរង្វង់ ៧,៥% និងការលេចចេញនូវសមិទ្ធផលជាតិធំៗជាច្រើន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ចំណុចយុទ្ធសាស្ត្ររបស់កម្ពុជាគឺរក្សាឲ្យបានដាច់ខាតសន្ដិភាព។ សន្ដិភាពគឺតម្លៃស្នូលអាចឲ្យកម្ពុជាយើងបន្តដំណើរ កសាងនូវវិបុលភាពសង្គម មានសិទ្ធិសេរីភាព និងការរស់រានមានជីវិត មានការអភិវឌ្ឍប្រទេស និងមានអ្វីៗគ្រប់យ៉ាង៕




