ភ្នំពេញ ៖ កាលពីថ្ងៃទី០៤ មករា ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ រួមទាំងលោកជំទាវ និង ឯកឧត្តម ម៉េង ស្រ៊ុន អនុប្រធានសមាគមយុវជនក្រុម៨ និងជាប្រធានសមាគមយុវជនក្រុម៨ សាខារាជធានីភ្នំពេញ ព្រមទាំងសហការី បាននាំយកសម្ភារប្រើប្រាស់ សម្ភារសិក្សា និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី អ្នកគ្រូលោកគ្រូ ៤២នាក់ និងសិស្សានុសិស្ស ២១១នាក់ ដែលកំពុងស្នាក់នៅ និងសិក្សា។
អំណោយដែលប្រគល់ជូនសិស្សានុសិស្សនីមួយៗនៅពេលនេះមាន សៀវភៅ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម ដែកខួង១ ជ័រលុប១ ប្រអប់ដាក់សម្ភារសិក្សា១ សាប៊ូដុះខ្លួន១ដប សាប៊ូកក់សក់១ដប ថ្នាំដុះធ្មេញ១ដប និងច្រាស់ដុះធ្មេញ១។ ចំពោះអំណោយប្រគល់ជូនវិទ្យាល័យអប់រំពិសេសវិញមាន តុសិក្សា២ឈុត ទូរដាក់ឯកសារ១ សាប៊ូលាងដៃ២១១ដប សាប៊ូលាងចាន២១១ដប សាប៊ូបោកគក់២១១ដប ជែលលាងដៃ ៧០ដប ប្រេងឆា១២០ដប តែនិងប៉ាន់តែ៤២ឈុត ទឹកក្រូចអៃយ៍កូឡា ១០០កេស និងភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់៣០កេស និងថវិកាជូនអ្នកគ្រូលោកគ្រូ ៤២នាក់ ក្នុងម្នាក់ៗទទួលបាន៤ម៉ឺនរៀល។
ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បាននាំនូវការសាកសួរសុខទុក្ខ និងការនឹករលឹកពីឯកឧ ត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដល់អ្នកគ្រូលោកគ្រូ និងសិស្សានុសិស្សទាំងអស់ផងដែរ។ ឯកឧត្ដមក៏បានលើកឡើងដែរថា អំណោយដែលបានផ្តល់ជូននៅពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ និងចូលរួមចំណែករបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជនមានពិកា រភាព ជាពិសេសកុមារមានពិការភាព ដើម្បីទទួលបាននូវសិទ្ធក្នុងការរស់រានមានជីវិត មានឱកាសទទួ លបានការសិក្សាអប់រំ និងអាចមានលទ្ធភាពចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តឱ្យក្មួយសិស្សានុសិស្សប្រឹងប្រែងក្នុងការសិក្សា ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងអាចមានលទ្ធភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើ កកម្ពស់ក្រុមជនមានពិការភាពឱ្យកាន់តែមានសក្ដានុពល និងឱកាសចូលរួមកសាង និងអភិវឌ្ឍប្រទេ សជាតិឲ្យកាន់តែប្រសើរឡើង។
សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ដាំកូនឈើ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ ដោយ ÷ កុម្ភ


















