ភ្នំពេញ៖ ប្រធានគណបក្សនានានៅកម្ពុជា បានផ្ញើសាររំលែកទុក្ខ និងអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ជាបន្តបន្ទាប់ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងត្រូវជាប្អូនថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានមរណភាព កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ។
តាមរយៈព្រះសារ និងសាររបស់បណ្តាគណបក្សនានា ដែលបានគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសពលោកជំទាវ ប៊ុន សុថា បាន លើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្ស មានហឫទ័យ និងសេចក្តីរន្ធត់ក្តុកក្តួល និងសោកសង្រេងយ៉ាងក្រៃលែង ដោយបានទទួលព័ត៌មានដ៏សែនក្រៀមក្រំ ស្តីពីមរណភាព របស់ លោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងត្រូវជាប្អូនថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
ព្រះសារ និងសាររបស់បណ្តាព្រះប្រធាន និងប្រធានគណបក្សទាំងនោះ បានលើកឡើងទៀតថា មរណភាព នៃលោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់នូវកុលធីតាខ្មែរមួយរូប ប្រកបដោយចរិយាសម្បត្តិ ថ្លៃថ្នូរ ដែលបានបូជាកម្លាំងកាយចិត្តដ៏ល្អប្រពៃ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅ ឲ្យមានស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តម ព្រមទាំងបានចូលរួមបំពេញភារកិច្ច កតព្វកិច្ច ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គួរជាទីកោតសរសើរ និងមានមោទនភាពយ៉ាងក្រៃលែង។
ព្រះសារ និងសារដដែលនេះ បានបញ្ជាក់ទៀតថា ក្នុងឱកាសដ៏សោកសៅនេះ ក្នុងនាមព្រះប្រធាន និងប្រធានគណបក្ស និងសមាជិក-សមាជិកាគណបក្សទាំងអស់ សូមសម្តែងនូវសមានទុក្ខ និងការសោក ស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រមបំផុត ចំពោះវិញ្ញាណក្ខន្ធរបស់លោកជំទាវ ប៊ុន សុថា និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ របស់លោកជំទាវ សូមបានទៅសោកសុខក្នុងសុគតិភព កុំបីឃ្លៀង ឃ្លាតឡើយផងដែរ៕អត្ថបទ៖ បាន ចក់




