ប្រដាល់៖ កីឡាករប្រដាល់គុនខ្មែរកម្ពុជា ព្រំ សំណាង ជាថ្មីម្តងទៀតបានធ្វើឱ្យប្រជាពលរដ្ឋខ្មែររីករាយរំភើប តាមរយៈជ័យជំនះលើកីឡាករអង់គ្លេស Thomas Carpenter យកខ្សែក្រវាត់មួយទៀតពីសង្វៀនលំដាប់កំពូលរបស់ថៃ Thai Fight។
បន្ទាប់ពី ធឿន ធារ៉ា ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ក្រោយយកឈ្នះកំពូលកីឡាករថៃ សៃយុគ ដោយវាយ សៃយុគ ឱ្យបែក អាជ្ញាកណ្តាលបញ្ឈប់ការប្រកួតកាលពីចុងឆ្នាំ២០២២ នោះ ព្រំ សំណាង ដែលមានអាជីពមួយទៀតជាជាងកាត់សក់នោះក៏មិនខុសពី ធារ៉ា ដែរដោយប្រើជង្គង់ផ្តួលកីឡាករអង់គ្លេស Thomas Carpenter ឱ្យបោះបង់ការប្រកួតនៅទឹកទី១។
ជ័យជំនះនេះបានធ្វើឱ្យប្រជាជនខ្មែរដែលរស់នៅទឹកដីថៃ និងធ្វើដំណើរទៅទស្សនា ក៏ដូចជាអ្នកតាមដាមពីទឹកដីកម្ពុជាទៅមានក្តីរំភើបជាខ្លាំងតាមរយៈជ័យជំនះបន្ថែមទៀត ក្នុងការលើកស្ទួយប្រដាល់គុនខ្មែរលើឆាកអន្តរជាតិបន្ថែមទៀត ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំនេះ ដែលប្រើវិញ្ញាសាគុនខ្មែរជាលើកដំបូង។ សូមបញ្ជាក់ថា ព្រំ សំណាង មុនពេលចេញដំណើរទៅប្រកួត ក៏មានការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរបន្តិចម្នាក់ៗ រួមជាមួយនឹងការឧបត្ថម្ភពីសប្បុរសជនមួយចំនួនក្នុងការធ្វើដំណើរ ហើយក៏មានការឧបត្ថម្ភបន្ថែមទៀតតាមរយៈជ័យជំនះនេះផងដែរ៕ អត្ថបទ៖នាង សុភាវុធ




