គ្រីឃីត៖ សហព័ន្ធកីឡាគ្រីឃីតកម្ពុជាកាលពីថ្ងៃទី០៣ ខែកុម្ភៈបានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន AP Group ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡានេះ ពិសេសត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានាពេលឆាប់ៗខាងមុខ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានបញ្ជាក់ថា គ្រីកឃីតគឺជាកីឡាមួយដ៏មានប្រជាប្រិយភាពលើពិភពលោក ហើយក៏ជាកីឡាមួយក្នុងចំណោម ៣៧ប្រភេទ ដែលកម្ពុជាបានដាក់ក្នុងស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។ ដូច្នេះការចាប់ដៃគូសហការជាមួយ AP Group គឺជារឿងមួយដ៏ល្អ ដើម្បីជំរុញការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះឲ្យទទួលបានជោគជ័យ។
គួរដឹងថា ក្រោមកិច្ចសហការជាមួយនេះ AP Group បានផ្ដល់ការគាំទ្រដល់សហព័ន្ធ ដូចជាការរៀបចំទីលានថ្មី ស្អាត ស្ដង់ដារ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ហើយបន្ទាប់ពីស៊ីហ្គេម ក្រុមហ៊ុនក៏នឹងបន្ដសហការជាមួយសហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាគ្រីឃីតកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ៕
អត្ថបទ៖ លី ឈុនឡា