ការ៉ាតេ៖ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ហើយក្រោយដំណើរការប្រកួត ៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្រុមកីឡាការ៉ាតេក្រសួងការពារជាតិបានរក្សាភាពខ្លាំងរបស់ខ្លួន ក្រោយដណ្ដើមបានមេដាយច្រើនជាងគេរហូតដល់ ១៩គ្រឿង។
ការប្រកួតប្រចាំឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡានេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២៤៨នាក់មកពី ២១ក្លិប។ ជាលទ្ធផលក្លិបក្រសួងការពារជាតិបានរក្សាជើងឯង ក្នុងនាមក្លិបដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៩គ្រឿងរួមមានមេដាយមាស ១០, ប្រាក់ ៥ និងសំរឹទ្ធ ៤។ ចំណែកក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរលេខ២ ដណ្តើមមេដាយសរុប ១៣គ្រឿងរួមមានមេដាយមាស ៦, ប្រាក់ ១ និងសំរឹទ្ធ ៦។ ក្លិបហនុមានឈរលេខ៣ ឈ្នះមេដាយសរុប ២២គ្រឿង មានមេដាយមាស ៥, ប្រាក់ ៩ និងសំរឹទ្ធ ៨ និងក្លិបក្រសួងមហាផ្ទៃដណ្តើមមេដាយសរុប ១៤គ្រឿងមានមេដាយមាស ៤, ប្រាក់ ៤ និងសំរឹទ្ធ ៦ ឈរលេខ៤។
ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគម/ក្លិប គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួម ហើយឯកឧត្តមបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ និងស្វែងយល់បន្ថែមទៀតលើបច្ចេកទេស ដើម្បីលើកកម្ពស់សមត្ថភាពឆ្ពោះទៅដណ្ដើមមេដាយជូនក្លិប និងជាតិរបស់ខ្លួន ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ឆាប់ៗខាងមុខ៕
អត្ថបទ៖ លី ឈុនឡា