បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេហើយក្នុងប្រវត្តិសាស្ត្រក្លិប Tottenham Hotspur ក្រោយស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះលើ Manchester City ១-០ យប់មិញនេះនៅក្របខណ្ឌ English Premier League។

ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះសំរេចគ្រាប់ជ័យជំនះឱ្យ Spurs នៅនាទីទី១៥ ដែលជាគ្រាប់បាល់ទី២៦៧ ឱ្យ Spurs និងជាគ្រាប់ទី២៦០ នៅ Premier League។ Harry Kane រកបានសរុប ២៦៧គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៤១៦ប្រកួត ខណៈកំណត់ត្រាចាស់កាន់ដោយ Jimmy Greaves ដែលមានសរុប ២៦៦គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៣៧៩ប្រកួត។

ជ័យជំនះនេះដែរក៏បានធ្វើឱ្យក្រុមរបស់លោក Antonio Conte ឡើងមកឈរលេខ៥ ក្នុងតារាងតាមពីក្រោយ Newcastle ១ពិន្ទុ និងតាមពីក្រោយ Manchester United ៣ពិន្ទុ។ ចំណែក Manchester City បានខកខានកាត់បន្ថយការនាំមុខរបស់ Arsenal ក្រោយបរាជ័យនេះ ស្របពេលដែល Arsenal ក៏ចាញ់ដែរកាលពីថ្ងៃសៅរ៍នៅទឹកដី Everton៕
អត្ថបទ៖នាង សុភាវុធ