កំពង់ចាម៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញបញ្ចុះបឋមសិលាកសាងកុដិ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទកោសី ហៅវត្តកោះជ្រូក នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូបានមានមតិសំណេះសំណាលទៅកាន់លោកយាយ លោកតា ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋសរុប ៣០០នាក់ដោយឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំកោះសំរោង និងទូទាំងស្រុកកំពង់សៀម ទោះបីសម្តេចទាំងទ្វេកំពុងកាន់ទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ្នឹង ដែលត្រូវជាប្អូនបង្កើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយរោគាពាធ។ សូមប្រជាពលរដ្ឋយើងឧទ្ទិសបួងសួង ជូនវិញ្ញាណក្ខន្ធរបស់ លោកជំទាវ ប៊ុន សុថា បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះពុទ្ធបរិស័ទ គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំកោះសំរោងទាំងអស់ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនចុះជួយគាំទ្រ ក៏ដូចជាបំពេញនូវរាល់កង្វះខាត និងទុក្ខលំបាករបស់ប្រជាពលរដ្ឋយ៉ាងសកម្ម។ កិច្ចសហការ និងសាមគ្គីភាពយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធនេះហើយ បានសម្រេចបាននូវសមិទ្ធផល និងការអភិវឌ្ឍនៅក្នុងឃុំជាបន្តបន្ទាប់ ជាក់ស្តែងពិធីបញ្ចុះបឋមសិលាកសាងកុដិនាព្រឹកនេះ។
ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ បានធ្វើឲ្យសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនបំផុត ជាពិសេសឆ្លងកាត់ព្រឹត្ត ការណ៍សំខាន់ៗក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដូចជាជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ការបញ្ជាទិញនិងចាក់ស្រោចវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាជនយើងទាំងអស់ដោយមិនប្រកាន់សាសនា ឫសញ្ជាតិ ការផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជម្ងឺឆ្លងកូវីដ-១៩ រក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ ទាំងអស់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋយើងទាំងអស់បានរស់នៅដោយក្តីសុខ សុវត្ថិភាព និងជីវភាពមានការរីកចម្រើនជាបន្តបន្ទាប់។
ហេតុនេះ ដើម្បីបន្តរក្សាការពារនូវការអភិវឌ្ឍ ជាពិសេសសុខសន្តិភាព និងស្ថេរភាពសង្គម ប្រជាជននៃឃុំកោះសំរោង និង ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមទាំងអស់ត្រូវបន្តគាំទ្រ និង បោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមជម្រាបជូនថា កុដិដែលនឹងត្រូវចាប់ផ្តើមសាងសង់នេះ នឹងមានទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយ ១១ម៉ែត្រ នឹងត្រូវចំណាយថវិកាចំនួន ៦៥ ០០០ ដុល្លារអាមេរិក។ ហើយដើម្បីចូលរួមចំណែកក្នុងការសាងសង់កុដិ ឯកឧត្តមក៏បានប្រគេនបច្ច័យចំនួន ១០លានរៀល និងស៊ីម៉ងត៌ចំនួន ១០តោន និងបច្ច័យរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ៤លានរៀល និងបច្ច័យរបស់ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាមចំនួន ៨០ម៉ឺនរៀល។ ចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ គឺម្នាក់ៗទទួលបាន ២០ ០០០រៀលផងដែរ៕





