ស៊ីរី៖ សារព័ត៌មានរដ្ឋ និងប្រភពពីក្រុមមន្ទីរវេជ្ជសាស្ត្របាននិយាយថា មនុស្សរាប់រយនាក់បានស្លាប់នៅក្នុងប្រទេសស៊ីរីនៅថ្ងៃចន្ទនេះ ខណៈអគារជាច្រើនបានដួលរលំ ក្រោយការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រមានចំណុចកណ្ដាលនៃការរញ្ជួយនៅក្នុងប្រទេសក្បែរខាងគឺទួរគី។

ក្រសួងសុខភិបាលនិយាយថា មនុស្សរាប់រយនាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរីហែកហួរដោយសង្រ្គាម ខណៈមន្ទីរពេទ្យមួយបានប្រាប់សារព័ត៌មាន AFP ថា មនុស្សជាច្រើននាក់បានស្លាប់នៅក្នុងភាគខាងជើងគ្រប់គ្រងដោយក្រុមគាំទ្រទួរគី។ លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan បាននិយាយក្រុមស្វែងរក និងជួយសង្រ្គោះត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់តំបន់ទាំងឡាយដែលរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដី។ មជ្ឈមណ្ឌលស្រាវជ្រាវរបស់អាល្លឺម៉ង់សម្រាប់ការសិក្សាពីដែនដី (GFZ) បាននិយាយថា ការរញ្ជួយដីនេះបានអង្រួនជម្រៅ ១០គីឡូម៉ែត្រជិតទីក្រុង Kahramanmaras ក្នុងប្រទេសទួរគីភាគខាងត្បូង ខណៈក្រុមឃ្លាំមើលការរញ្ជួយដីបាននិយាយថា លទ្ធភាពនៃហានីភ័យរលកស៊ូណាមិកំពុងត្រូវបានវាយតម្លៃ។ យោងតាមសារព័ត៌មាន Reuters ការរញ្ជួយបានបន្តប្រហែលមួយនាទី ហើយបង្អួចអគារជាច្រើនត្រូវបានខូចខាតនៅក្នុងតំបន់ Diyarbakir ចម្ងាយ ៣៥០គីឡូម៉ែត្ររហូតដល់ភាគខាងកើត។ ទូរទស្សន៍ TRT និង Haberturk បានបង្ហាញពីមនុស្សកំពុងប្រមូលផ្ដុំគ្នា នៅជុំវិញអគារដែលរងការខូចខាតនៅក្នុងទីក្រុង Kahramanmaras កំពុងតាមស្វែងរកអ្នកនៅមានជីវិត។
អភិបាលខេត្ត Sanliurfa ភាគអាគ្នេយ៍របស់ប្រទេសទួរគីលោក Salih Ayhan បាននិយាយនៅលើបណ្ដាញ Twitter ថា ការរញ្ជួយដីនេះបានបំផ្លិចបំផ្លាញអគារជាច្រើន ហើយយើងបានជំរុញឲ្យប្រជាពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាព។ សារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរីបាននិយាយថា អគារមួយចំនួនបានដួលរលំនៅក្នុងខេត្ត Aleppo ខណៈដែលប្រភពមួយនៅក្នុងទីក្រុង Hama ប្រទេសស៊ីរីបាននិយាយថា នៅក្នុងទីក្រុងនេះក៏មានអគារមួយចំនួនបានបាក់រលំដែរ៕
អត្ថបទ៖ សុខមាន