ភ្នំពេញ ៖ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយឧបភោគបរិភោគរួមមានភេសជ្ជៈហ្វាន់តា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីជួយសម្រាលទុក្ខលំបាក នៅក្នុងអំឡុងពេលបិទខ្ទប់។
ឆ្លៀតក្នុងឱកាសនេះដែរ កូកា-កូឡា ក៏បានឧបត្ថម្ភភេសជ្ជៈហ្វាន់តាចំនួន២០០កេស ជូនរដ្ឋបាលខណ្ឌឬស្សីកែវ និងសង្កាត់ឬស្សីកែវ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង ក្នុងពេលកំពុងអនុវត្តវិធានការបិទខ្ទប់យ៉ាងម៉ឹងម៉ាត់ ដើម្បីអាចបិទបញ្ចប់ព្រឹត្តការណ៍ឆ្លងរាលដាលក្នុងសហគមន៍ និងអាចឆាប់ត្រឡប់មកជីវភាពធម្មតាវិញ។
លោក ម៉ូល វីរៈ ចៅសង្កាត់ឬស្សីកែវ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡា កម្ពុជា ដែលបានផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងរដ្ឋបាលសង្កាត់ សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ដែលសបញ្ជាក់ឱ្យឃើញពីកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ក្នុងការជួយគ្នាក្នុងគ្រាលំបាក។
ទន្ទឹមគ្នានោះដែរ តំណាងក្រុមហ៊ុនកូកា-កូឡា កម្ពុជា បានលើកឡើងថា ក្រុមហ៊ុនសង្ឃឹមថា ជំនួយឧបត្ថម្ភនេះគឺជាការជួយគ្នាសម្រាលទុក្ខដល់អ្នកភូមិមិត្តភាពទាំង១០០គ្រួសារ ដើម្បីឆ្លងកាត់ការលំបាកនេះ ហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនោះ សូមអនុវត្ត៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវតិ្ថភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) ដោយកុំធ្វេសប្រហែសអោយសោះ ដើម្បីចៀសផុតពីជំងឺកូវីដ១៩នេះ។
សូមបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុនកូកា-កូឡា កម្ពុជា បានចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ជាមួយអាជ្ញាធរ ក្រសួង ស្ថាប័ន និងអង្គភាពនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩៕អត្ថបទ ៖ រដ្ឋា












