បាល់ទាត់៖ មន្ទីរអប់រំ យុវជន និងកីឡានៃខេត្តកណ្ដាល បានប្រកាសបើកការប្រកួតកីឡាបាល់ទាត់នារីជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៣ ស្របតាមផែនការរបស់ខ្លួន ដើម្បីស្វែងរកកីឡាការិនីឆ្នើមចូលរួមការប្រកួតថ្នាក់ជាតិនានា។
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលបានឲ្យដឹងថា ការប្រកួតគ្រោងធ្វើឡើងរយៈពេល ១សប្ដាហ៍ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានខេត្តកណ្ដាលដោយមានបេក្ខភាព ៦ក្រុមចូលរួម។ លោកថា គោលបំណងសំខាន់នៃការប្រកួតនេះ គឺដើម្បីស្វែងរកកីឡាការិនីឆ្នើមប្រចាំឆ្នាំខេត្តកណ្តាល សម្រាប់តំណាងឲ្យខេត្តចូលរួមព្រឹត្តិការណ៍ទូទាំងប្រទេស ក៏ដូចជារួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ ពិសេសកីឡាបាល់ទាត់នារីតែម្ដង។
សម្រាប់ការប្រកួតនេះក្នុងចំណោម ៦ក្រុមចូលរួមគឺបែងចែកជា ២ពូល ក្នុងនោះពូល A មានក្រុមយុវនារីស្រុកកណ្តាលស្ទឹង, ក្រុមស្អាងយើងស្អាត និងក្រុមកីឡាការិនីវិទ្យាល័យ ហ៊ុនសែន ពាំងរាំង។ ចំណែកពូល B មានក្រុមបាល់ទាត់នារីសាន់នីស្ពត, ក្រុមបាអនុវិទ្យាល័យគគីរ និងក្រុមកីឡាការិនីមីស្ទើលេងអេហ្វស៊ី៕
អត្ថបទ៖ លី ឈុនឡា